ប្រមុខរាជរដ្ឋាភិបាល៖ អ្នកខ្លះចូលចិត្តណាស់និយាយពីរឿង សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ប៉ុន្តែសិទ្ធិរស់រានមានជីវិតហាក់ដូចជាធ្វើរំលង
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អ្នកខ្លះចូលចិត្តណាស់និយាយពីរឿង សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ក៏ប៉ុន្តែសិទ្ធិរស់រានមានជីវិត ហាក់ដូចជាមើលរំលង ។
ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៅថ្ងៃទី១៤ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះចូលចិត្តណាស់និយាយពីរឿង “សិទ្ធិមនុស្ស ប្រជាធិបតេយ្យ” ក៏ប៉ុន្តែសិទ្ធិរស់រានមានជីវិតហាក់ដូចជាធ្វើរំលង បញ្ហាសន្តិភាព ឬសង្គ្រាមគឺពួកគេចង់តែបំផ្លាញ ប៉ុន្តែអត់ដឹងថា សង្គ្រាមហ្នឹងសម្លាប់មនុស្សទេ»។
សម្តេចមានប្រសាសន៍ថា ប្រសិនបើមិនបានគិតដល់ សិទ្ធិរស់រានមានជីវិតនោះសិទ្ធិអ្វីផ្សេងទៀត ក៏ត្រូវបាត់បង់ដែរ រាប់ទាំងសិទ្ធិធ្វើសកម្មភាពនយោបាយ និងសកម្មភាពអង្គការសង្គមស៊ីវិលផងដែរ ។
សម្តេចបន្ថែមរាជរដ្ឋាភិបាល ធ្វើអ្វីក៏ធ្វើដែរឱ្យតែជីវិតប្រជាជនគង់វង្ស បន្ទាប់ពីនោះចាំនិយាយទៅដល់សិទ្ធិផ្សេង ប៉ុន្តែអ្នកដទៃគិតថា នៅពេលដែលយើងយកចិត្តទុកដាក់ ទៅលើសិទ្ធិរស់រានមានជីវិត បែរជារអ៊ូរទាំជាមួយយើងថា មិនបានគិតអំពីសិទ្ធិបញ្ចេញមតិ មិនបានគិតអំពីសិទ្ធិមនុស្ស ៕