នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ទទួលស្វាគមន៍មេបញ្ជាការអូស្ត្រាលី ទស្សនកិច្ចនៅវិទ្យាស្ថាន IPMEC
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានទទួលស្វាគមន៍ ឧត្តមសេនីយ៍ត្រី Tony McCormack មេបញ្ជាការអូស្ត្រាលីនៃកម្មវិធី Indo-Pacific Endeavour 2023 (IPE-23) ធ្វើទស្សនកិច្ចនៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នាស្រុកឧដុង្ត ខេត្តកំពង់ស្ពឺ។
ក្នុងជំនួបស្វាគមន៍ ឧត្តមសេនីយ៍ត្រីTony ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងអរគុណដល់ប្រតិភូក្រសួងការពារជាតិអូស្ត្រាលី បានមកទស្សនកិច្ចនៅកម្ពុជា និងមកទស្សនកិច្ចនៅវិទ្យាស្ថានIPMEC។
ក្នុងជំនួបពិភាក្សាការងារ ឯកឧត្តម សែម សុវណ្ណនី បានថ្លែងទៅកាន់ភាគីអូស្ត្រាលីថា ១៧ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិបានចំនួន៩ប្រទេស មានស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ ស៊ីរី សាយប្រឹស ម៉ាលី លីបង់ អាហ្វ្រិកកណ្តាល និងយេមែន ដែលមានកម្លាំងសរុប ៨៩៥១នាក់ លើជំនាញបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ វិស្វកម្មព្រលានយន្តហោះ ពេទ្យកម្រិត២ អាវុធហត្ថ នាយទាហានសេនាធិការ និងនាយទាហានសង្កេតការណ៍។
ជាមួយគ្នា ឯកឧត្តម សែម សុវណ្ណនី បានស្នើសុំទៅភាគីអូស្ត្រាលី ជួយបណ្តុះបណ្តាលលើជំនាញរក្សាសន្តិភាព, ជួយផ្តល់ជំនួយលើសម្ភារៈបោសសម្អាតមីន, ជួយបណ្តុះបណ្តាលភាសាអង់គ្លេសដល់សិក្ខាកាមទាហានមួកខៀវកម្ពុជា និងធ្វើការផ្លាស់ប្តូរទស្សនកិច្ចផ្នែករក្សាសន្តិភាពនៃប្រទេសទាំង២។
ទាក់ទិនទៅនឹងសំណើររបស់ឯកឧត្តមខាងលើនេះ ឧត្តមសេនីយ៍ត្រី Tony បានបញ្ជាក់ថា នឹងលើកយកសំណើរនេះទៅជម្រាបជូនថ្នាក់ដឹកនាំក្រសួងការពារជាតិអូស្ត្រាលី ដើម្បីធ្វើការសម្រេច។
សូមបញ្ជាក់ឱ្យដឹងដែរថា ក្នុងឆ្នាំ២០០៦ ខាងភាគីអូស្ត្រាលី បានចូលរួមផ្តល់ការហ្វឹកហ្វឺនដល់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា និងក្នុងឆ្នាំ២០២៣ថ្មីកន្លងទៅនេះ ខាងអូស្ត្រាលី ក៏បានបណ្តុះបណ្តាលផ្នែកយ៉េនឌ័រដល់កម្លាំងនារីមួកខៀវកម្ពុជាផងដែរ៕