ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម
កំពង់ចាម៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី រួមជាមួយប្រតិភូអមដំណើរជាច្រើននាក់ទៀត នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ អាជ្ញាធរមូលដ្ឋានគ្រប់មូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅតែបន្តខិតខំប្រឹងប្រែងការពារដល់សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន ពិសេសនៅតែបន្តអនុវត្តនូវបទបញ្ជា និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃក្នុងការធានាបាន និងរក្សាបាននូវសន្តិសុខសុវត្ថិភាព សង្គមប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនេះ កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សំដៅរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានល្អនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ ការអនុវត្ត និងការចុះបន្តអប់រំផ្សព្វផ្សាយអំពីវិធានការនានា រួមមាន៖ ច្បាប់ចរាចរណ៍ការអប់រំ អំពីផលវិបាកនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ ការអប់រំផ្សព្វផ្សាយ អំពីគ្រឿងញៀន ជួយដល់ស្រទាប់យុវវ័យ បានបង្ហាញអំពីលទ្ធផលជាវិជ្ជមានដែលគួរឱ្យជាទីមោទនៈ និងបានស្ដែងចេញតាមរយៈដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណាត្តិទី៥ នៅខែមិថុនា និងជោគជ័យជាប្រវត្តិសាស្ត្រដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងនៅខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។
ស្ថិតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលខេត្តកំពង់ចាម ព្រមទាំង លោក លោកស្រី ក្នុងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឲ្យកត់សម្គាល់។
ការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មទាំងនេះ បានរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី
ពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យកាន់តែរឹងមាំប្រកបដោយចីរភាព និងបរិយាប័ន្ន៕