ខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជំរុញ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
ភ្នំពេញ៖ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីភាព ។
មានមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ក្នុងគោលបំណងផ្សព្វផ្សាយនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានទូលំទូលាយ និងដើម្បីកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តគោលនយោបាយនេះឲ្យមានប្រសិទ្ធភាព។ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពបានកំណត់នូវលក្ខណៈសម្បត្តិចំនួន ៥ គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ គ្មានការផលិត ការចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានអំពើអនាចារ ការជួញដូរស្ត្រីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ខេត្តបន្ទាយមានជ័យ ដែលមាន៦៧ ឃុំ សង្កាត់ ទទួលបានជ័យលាភី ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ ឆ្នាំ២០២២ ពីរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ក្នុងនោះ មានប៉ុស្តិ៍រដ្ឋបាលទទួលបានជ័យលាភីលេខ១ ចំនួន៥៤ ប៉ុស្តិ៍, លេខ២ ចំនួន១២ប៉ុស្តិ៍និងលេខ៣ ចំនួន១ប៉ុស្តិ៍ រួមទាំងថវិកាលើកទឹកចិត្ត ដល់នគរបាលប៉ុស្តិ៍និងមេឃុំ ចៅសង្កាត់ផងដែរ ។
ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក៏ធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ និងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីបង្កភាពអនុគ្រោះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០។
ឯកឧត្តម បានបន្តថា ដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល សូមអស់លោកលោកស្រី កងកម្លាំងប្រដាប់អាវុធត្រូវបន្ត និងពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹងនិងការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ។ ចុងក្រោយគណៈអធិបតីបានផ្ដល់នូវ ប័ណ្ណសរសើរដល់ អធិការនគរបាលនិងកងរាជអាវុធហត្ថក្រុង ស្រុក ទាំង០៩ អាជ្ញាធរ ឃុំ សង្កាត់ និងនគរបាលប៉ុស្តិ៍គ្រប់ ឃុំ សង្កាត់ទាំង ៦៧ ផងដែរ ៕