ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយ ប្រធានតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនវីសា (VISA)
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយ លោក Chris Clark ប្រធានតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនវីសា (VISA) ដើម្បីចែករំលែកក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងគោលនយោបាយពាក់ព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សំដៅជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលកម្ពុជា។
នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន លោក Chris Clark ថា វិបត្តិកូវីដ-១៩ បានបង្កើតកាលានុវត្តន៍ភាព ដែលជួយជំរុញបញ្ហាឌីជីថលខ្លាំងនៅកម្ពុជា ជាពិសេសការទូទាត់តាមឌីជីថល និងវិវឌ្ឍន៍ទៅរកការទូទាត់ដោយគ្មានទំនាក់ទំនង (Contactless Payment )។ បន្ថែមពីនេះ ដើម្បីបម្រើសេវាកម្មឱ្យខិតកៀកទៅជិតពាណិជ្ជករ បង្កើតភាពងាយស្រួល កាត់បន្ថយការចំណាយ និងពេលវេលាចុះបញ្ជីពាណិជ្ជកម្ម រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្នុងឆ្នាំ២០២២ CamDX ត្រូវបានប្រកាសទទួលជ័យលាភី ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល (Future of Government Awards ) ដែលមានគម្រោងចូលរួមប្រកួតប្រជែងចំនួន ១៥០ និងមកពី ៥២ ប្រទេស សម្រាប់កម្មវិធីទាំងមូល។ នេះជាមោទនភាពថ្មីមួយទៀត របស់កម្ពុជាលើឆាកអន្តរជាតិ និងជាកាលានុវត្តន៍ភាពក្នុងការប្រើប្រាស់ដោយបច្ចេកវិទ្យាឌីជីថល និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន ដោយនៅក្រោមម្លប់សុខសន្តិភាព កម្ពុជាកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមួយរស់រវើក និងប្រកបដោយបរិយាប័ន្ន។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា ការចូលរួមរបស់ក្រុមហ៊ុន Visa លើវិស័យទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងអង្គការផ្សេងៗក្នុងការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញាវត្ថុដល់ប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ លោក Chris Clark បានសម្តែងនូវសេចក្តីសោមន្សរីករាយដែលបានជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តមរដ្ឋមន្រ្តី ដោយក្នុងនោះ លោក Chris Clark បានបង្ហាញអំពីគោលបំណងក្នុងការពង្រឹងកិច្ចប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម លើគំនិតផ្តួចផ្តើមទាក់ទងនឹងយុទ្ធសាស្រ្តនិងគោលនយោបាយ នាពេលបច្ចុប្បន្ន និងអនាគត ដើម្បីជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់តាមឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅកិច្ចបញ្ចប់ លោក Chris Clark ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សាស្ថេរភាពនយោបាយ វិបុលភាព និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសបានកោតសរសើពីកិច្ចខិតខំប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញ និងធ្វើឱ្យប្រសើឡើងនូវវិស័យឌីជីថលនៅកម្ពុជា៕