អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣បានរៀបចំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយលទ្ធផលសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២២ លើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”។
កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ដែលលើកឡើងដោយ ឯកឧត្តម អគ្គលេខាធិការ រួចមក ឯកឧត្តម អនុរដ្ឋលេខាធិការ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃសម្រេចបានប្រកបដោយផ្លែផ្កានាឆ្នាំកន្លងមក។
ក្នុងឱកាសនោះដែរ ឯកឧត្តម សរ សិទ្ធិ បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនដល់ថ្នាក់ដឹកនាំ និងកីឡាករ កីឡាការនី ផងដែរ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សរ សិទ្ធិ ក៏បានជម្រាបជូនដល់អង្គពិធីអំពីលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៣ ក៏ដូចជាអនុសាសន៍សំខាន់ៗរបស់សម្តេចក្រឡាហោម និងអនុសាសន៍ទាំ៩ចំណុចរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានថ្លែងក្នុងអង្គសន្និបាតនោះផងដែរ៕