មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ទទួលស្គាល់អំពីភាពចាំបាច់របស់សាសនាក្នុងសង្គមកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល កសាងធនធានមនុស្ស
ភ្នំពេញ៖ ឯកឧត្តម ទិន ពន្លក អនុប្រធានទី២នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលស្គាល់អំពីភាពចាំបាច់របស់សាសនាក្នុងសង្គមកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារបណ្តុះបណ្តាល ការកសាងធនធានមនុស្ស។
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមការគាំទ្រពីCCCA3 បានរៀបចំសាលាលើកកម្ពស់ចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុនិងសាសនា។
សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អនុប្រធានទី២នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម កែ សំអឿន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ព្រមទាំងមានការនិមន្តចូលរួមពីព្រះមន្រ្តីសង្ឃទាំងពីរគណៈ តំណាងសាសនាផ្សេងៗ ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធ អាចារ្យវត្ត និងឯកឧត្តម អាន ជាលី អគ្គលេខាធិការនិងតំណាងសមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត ជាច្រើនអង្គ រូប។
ឯកឧត្តម កែ សំអឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន ដែលជានិច្ចជាកាលតែងតែសហការយ៉ាងល្អជាមួយក្រសួងធម្មការនិងសាសនា ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងអំពីការផ្សារភ្ជាប់បញ្ហាបរិស្ថានទៅនឹងតួនាទីរបស់សាសនា។
ឯកឧត្តមបានសង្កត់ធ្ងន់ថាការប្រែប្រួលអាកាសធាតុបណ្តាលមកពីសកម្មភាពមនុស្សទៅលើបរិស្ថាន ហេតុនេះសាសនាគួរមានតួនាទីបង្ហាញផ្លូវ ហើយជៀសវាងរាល់សកម្មភាពទាំងឡាយណាដែលអាចប៉ះពាល់ចំពោះបរិស្ថាន និងធនធានធម្មជាតិ។
ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ទិន ពន្លក បានលើកឡើងពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់នានាចំពោះសេដ្ឋកិច្ច-សង្គម ជាពិសេសយន្តការនានារបស់រដ្ឋាភិបាលដែលមានក្រសួងបរិស្ថានជាសេនាធិការលើការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈការចំរៀបគោលនយោបាយជាតិ ផែនការយុទ្ធសាស្រ្ត ក៏ដូចជាការពង្រឹងកិច្ចសហការក្នុងតំបន់ និងពិភពលោក។
ឯកឧត្តមទទួលស្គាល់អំពីភាពចាំបាច់របស់សាសនាក្នុងសង្គមកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារបណ្តុះបណ្តាល ការកសាងធនធានមនុស្ស ការសិក្សាស្រាវជ្រាវនិងវិទ្យាសាស្ត្រ បរិស្ថាន និងការអភិឌ្ឍសង្គម។
ឯកឧត្តមបន្តថា ការអប់រំបណ្តុះបណ្តាលតាមបែបសាសនាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ពុទ្ធិ បណ្តុះស្មារតីប្រជាជនឱ្យស្រលាញ់បរិស្ថាន និងជំរុញការអនុវត្តសកម្មភាពក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមបន្ថែមថា ការផ្សារភ្ជាប់ទ្រឹស្តីអប់រំរបស់សាសនាទៅនឹងការប្រែប្រួលអាកាសធាតុនឹងចូលរួមបង្កើនចំណេះដឹងដល់សាធារណជនលើការប្រតិបត្តិមេត្រីបរិស្ថាន បណ្តុះស្មារតីស្រលាញ់ធម្មជាតិ-បរិស្ថាន ហើយអាចជួយឱ្យមានការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន ក្នុងការលើកកម្ពស់គុណភាពបរិស្ថាន និងការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា។
ឯកឧត្តមបញ្ជាក់ថា ហេតុនេះ ការបញ្ជ្រាបចំណេះដឹងស្តីពីប្រែប្រួលអាកាសធាតុដល់អ្នកដឹកនាំសាសនា និងភាគីពាក់ព័ន្ធនៅគ្រប់កម្រិត ពិតជាមានសារសំខាន់ក្នុងការផ្ទេរនូវចំណេះដឹងនិងជំនាញ ទាំងនោះទៅដល់ប្រជាពលរដ្ឋមូលដ្ឋាន៕