ឯកឧត្តម ប៉ាក សុខារ៉ាវុត អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីមន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកអនុវត្តន៍ពិធីសារម៉ុងរ៉េអាល់ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងសិក្ខាសាលាគយបៃតង
ភ្នំពេញ៖ ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការ និងជាជនបង្គោលទទួលបន្ទុកអនុវត្តន៍ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន បានចូលរួមកិច្ចប្រជុំ ស្តីពីមន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកអនុវត្តន៍ពិធីសារម៉ុងរ៉េអាល់ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងសិក្ខាសាលាគយបៃតង ស្តីពីការគ្រប់គ្រងនិងការរាយការណ៍អំពីការធ្វើពាណិជ្ជកម្មសារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុហាយដ្រូហ្លុយអរ៉ូកាបូន(ODS/HFC) ដែលបានប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាឡុង ប្រទេសវៀតណាម។
កិច្ចប្រជុំបានពិភាក្សានិងទទួលបានលទ្ធផលដូចបានជម្រាបជូនខាងក្រោម៖
១. កិច្ចប្រជុំបានពិភាក្សាលើជម្រើសនៃការប្រើប្រាស់ឧបករណ៍សន្សំសំចៃថាមពល និងឧបករណ៍ដែលប្រើប្រាស់ឧបករណ៍ដែលសក្តានុពលកើនកំដៅផែនដីទាប ក្នុងអំឡុងពេលនៃការអនុវត្តវិសោធនកម្មគីហ្គាលីនៃពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។
កិច្ចប្រជុំបានជំរុញបណ្តាប្រទេសមិនបានផ្តល់សច្ចាប័នលើវិសោធនកម្មទីក្រុងគីហ្គាលីជំរុញដំណើរការផ្តល់សច្ចាប័នឲ្យឆាប់ ដើម្បីទទួលជំនួយទាំងថវិកានិងបច្ចេកទេសក្នុងការរៀបចំផែនការលុបបំបាត់និងកាត់បន្ថយការប្រើប្រាស់ហាយដ្រូភ្លុយអរ៉ូកាបូន។
២. បានពិភាក្សាលើគម្រោងនៃផ្លាស់ប្តូរប្រព័ន្ធម៉ាស៊ីនរថយន្តដែលប្រើប្រាស់សារធាតុ R-134a ទៅប្រើប្រាស់សារធាតុ R-1234yf ដែលជាសារធាតុមិនបំផ្លាញស្រទាប់អូហ្សូន។ កិច្ចប្រជុំបានលើកឡើងពីបទពិសោធនក៍ពីបណ្តាប្រទេសមួយចំនួនដែលបានចូលរួមអនុវត្តន៍ផែនការលុបបំបាត់សារធាតុធ្វើឲ្យត្រជាក់ដែលបានបញ្ចប់នៅឆ្នាំ២០១០។
៣. បានពិភាក្សាលើលទ្ធភាពនៃការអនុវត្តគម្រោងបំផ្លាញចោលសារធាតុបំផ្លាញស្រទាប់អូហ្សូន និងបទពិសោធន៍ពីបណ្តាប្រទេសចូលរួមដែលបានស្នើសុំឲ្យអង្គការមូលនិធិពហុភាគី សម្រាប់អនុវត្តន៍ពិធីសារម៉ុងរ៉េអាល់ពិនិត្យលើសំណើរដើម្បីផ្តល់ជំនួយថវិកានិងបច្ចេកទេសក្នុងការបំផ្លាញចោលសារធាតុបំផ្លាញស្រទាប់អូហ្សូន។
៤. បានពិភាក្សាអំពីការត្រួតពិនិត្យលើទំនិញដែលមានហានិភ័យ ជាពិសេសសារធាតុបំផ្លាញស្រទាប់អូហ្សូន។ សិក្ខាសាលាបានពិភាក្សាអំពីប្រព័ន្ធនាំចូល នាំចេញសារធាតុបំផ្លាញស្រទាប់អូហ្សូនតាមប្រព័ន្ធបញ្ជតែមួយជាតិ ប្រព័ន្ធAZYCUDA និងប្រព័ន្ធនាំចូល នាំចូលតាមអនឡាញ៕