ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ដ្រ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្ត នៅក្នុងបរិវេណវិទ្យាល័យព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងបរិយាសប្រកបដោយស្នាមញញឹម ឯកឧត្ដម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលតែងតែផ្តល់ពេលវេលា និងកម្លាំងចិត្ត មកចូលរួមពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយឥតគិតថ្លៃ។
លោកក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជន ក្នុងការធានាសុខមាលភាព និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដម ហ៊ុន ម៉ានី បានអះអាងទៀតថា «រយៈពេល៤៤ឆ្នាំ នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា យើងសម្រេចបានការងារ និងសមិទ្ធផលជាច្រើន ទន្ទឹមនឹងនេះក៏មានការងារជាច្រើនទៀតដែលយើងត្រូវបន្តធ្វើដើម្បីប្រជាជន»។ ឯកឧត្ដមបានបន្តថា គណបក្សប្រជាជន តែងតែនៅជាមួយប្រជាជន មិនត្រឹមតែពេលមានភាពសប្បាយរីករាយ និងសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែពេលប្រទេសជាតិជួបបញ្ហា គណបក្សប្រជាជន តែងតែស្វែងរកដំណោះស្រាយដើម្បីធានាឲ្យបាននូវសុខសន្តិភាព និងស្ថេរភាពជូនប្រជាជនកម្ពុជា។
សូមជម្រាបថា កម្មវិធីនាព្រឹកនេះ ក៏មានវត្តមានចូលរួមពីសំណាក់ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិស្រុកស្រីសន្ធរ, ឯកឧត្ដម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, លោក ឡេង ផល្លី នាយកប្រតិបត្តិនៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី និងក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណ៣,០០០នាក់៕