លោកជំទាវ ម៉ែន សំអន៖ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំសន្តិភាពជូនដល់បងប្អូនទាំងអស់គ្នា
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សបាននាំមកនូវសន្តិភាពជូនដល់បងប្អូនទាំងអស់គ្នា។
នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាល ជាមួយមេការ និងអ្នកគ្រប់គ្រងនៅតាមសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យចំនួន ៣៦០នាក់ នៃក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលធ្វើឡើងនៅស្នាក់ការគណបក្សខេត្តពោធិ៍សាត់។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ម៉ែន សំអន បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យនាពេលនេះ។
លោកជំទាវបានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការខាងផ្នែករដ្ឋបាលសង្គម និងសេដ្ឋកិច្ច ជាបន្តបន្ទាប់ដោយបានផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រី និងក្រុមជនងាយរងគ្រោះ កម្មករ កម្មការិនី រួមទាំងក្មួយៗ បងប្អូនជនក្រីក្រ តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គមជាដើម។ ដោយឡែកការជួបសំណេះសំណាលនៅក្នុងថ្ងៃនេះ ក៏បានបង្ហាញអំពីការយកចិត្តទុក្ខដាក់បន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាល ចំពោះបុគ្គលិកដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យនាពេលនេះ។
លោកជំទាវ ម៉ែន សំអន ក៏បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សបាននាំមកនូវសន្តិភាពជូនដល់បងប្អូនទាំងអស់គ្នា អរគុណសន្តិភាព។
លោកជំទាវ ម៉ែន សំអន ក៏បាននាំយកថវិការបស់សម្តេចទាំងទ្វេរ តាមរយៈលោក ខូយ រីដា និងលោកស្រី ជូនដល់បុគ្គលិក ដែលបានចូលរួមចំនួន ៣៦០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ៨ម៉ឺនរៀល ក្នុងនោះបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ចំនួន ១៥៦នាក់ ក៏បានទទួបណ្ណ ប.ស.ស ផងដែរ។
ជាមួយគ្នានោះបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ដែលបានទទួលបណ្ណ ប.ស.ស ថ្ងៃនេះក៏បានសូមគោពថ្លែងអំណរគុណសម្តេចទាំងទ្វេរ គឺពិតជាបានយកចិត្តទុក្ខដល់ពួកគាត់ពិតប្រាកដមែន៕