សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយ ប្រធានរដ្ឋឡាវ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះដំណើរទស្សនកិច្ចការងាររបស់សម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងបានកោតសរសើរខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសន្តិសុខសាធារណៈនៃប្រទេសឡាវ និងក្រសួងមហាផ្ទៃនៃកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ ឯកឧត្តមប្រធានរដ្ឋ ដែលបានចំណាយពេលវេលាមានតម្លៃជូនសម្ដេច និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ សម្ដេចក្រឡាហោម ក៏បានរាយការណ៍ដោយសង្ខេបអំពីលទ្ធផល នៃដំណើរទស្សនកិច្ចការងារនាពេលនេះ និងផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួងទាំងពីរផងដែរ។
សូមញ្ជាក់ថា ទស្សនកិច្ចការងាររបស់សម្ដេចក្រឡាហោម និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទស្សនកិច្ចនេះ ជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសម្តេចក្រឡាហោម ស ខេង អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខាកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ ៕