រដ្ឋមន្ត្រី ៣រូប អញ្ជើញរៀបចំពិធីក្រុងពាលី និងបួងសួង តាមបែបសាសនា ដើម្បីសុំភ្លើងអាទិទេព សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ នៅក្តាបែន ខាងមុខប្រាសាទអង្គរវត្ត បានរៀបចំពិធីប្រុងពាលី និងបួងសួង តាមបែបសាសនា ដើម្បីសុំភ្លើងអាទិទេព សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ឆ្នាំ២០២៣។
ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងអាជ្ញាធរខេត្តសៀមរាប ឯកឧត្តម លោកជំទាវ អ្នកមុខអ្នកការជាច្រើនរូបទៀត។
សូមជម្រាបថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២នាពេលខាងមុខនេះ កម្ពុជាក៏បានចាប់ផ្តើមរៀបចំ ព្រះរាជពិធីសុំព្រះអគ្គិកីឡា ពីព្រះអាទិទេព សម្រាប់ព្រះអគ្គិកីឡាអាស៊ីអាគ្នេយ៍ និងកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ នៅប្រាសាទអង្គរវត្ត។
ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរៀបចំពិធីរត់ដង្ហែព្រះអគ្គិកីឡានេះ នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងនៅតាមបណ្តាខេត្តមួយចំនួន ក្នុងប្រទេសផងដែរ៕