ប.ស.ស. បន្តការផ្សព្វផ្សាយរបស់ខ្លួន ជូនដល់តំណាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិក ធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ ជូនដល់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
ក្នុងឱកាសបើកកិច្ចប្រជុំខាងលើ ឯកឧត្តមអគ្គនាយករង បានស្នើដល់អង្គពិធីទាំងមូល មេត្តាយក ចិត្តទុកដាក់ស្តាប់ និងលើកជាសំណួរ ទៅកាន់មន្រ្តីជំនាញ ដែលជាគ្រូឧទ្ទេស ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីទទួលបានចំណេះដឹងជាមូលដ្ឋាន និងអាចយកទៅផ្សព្វផ្សាយបន្តបានប្រកបដោយ ប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថាៈ កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ ប្រព្រឹត្តទៅ នៅសាលប្រជុំករុណា ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក តំណាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សរុបប្រមាណជាង ៦០នាក់៕