សម្ដេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរជាប់ព្រំដែនត្រូវពង្រឹងទប់ស្កាត់ និងបង្ក្រាប ការចរាចរគ្រឿងញៀន សារធាតុគីមីផ្សំឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់អាជ្ញាធរជាប់ព្រំដែនទាំងអស់ត្រូវរួមគ្នាពង្រឹងទប់ស្កាត់ និងបង្ក្រាបការចរាចរ ការជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ដែលឆ្លងកាត់ព្រំដែនចូលមកកាន់កម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «គ្រប់ក្រសួង-ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធ ជាពិសេស ស្ថាប័ន-អង្គភាព ដែលមានមន្ត្រីបម្រើការងារនៅតាមខ្សែបន្ទាត់ព្រំដែន និងខេត្តជាប់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបការ ចរាចរ ការជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធភាពខ្ពស់»។
សម្ដេចក្រឡាហោម បន្ដថា អាជ្ញាធរទាំងអស់ក៏ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងអនុវត្តនូវសកម្មភាព ត្រួតពិនិត្យ លើមធ្យោបាយដឹកជញ្ជូន ការធ្វើដំណើរតាមខ្សែបន្ទាត់ព្រំដែន ដូចដែលបាននឹងកំពុងអនុវត្តសម្រាប់ផែនការប្រតិបត្តិការ នៃគម្រោងសុវត្ថិភាពទន្លេមេគង្គ និងធ្វើការពិនិត្យ ដកស្រង់បទពិសោធន៍ចេញពីការធ្វើលំហាត់ត្រួតពិនិត្យគ្រឿងញៀនឆ្លងដែន នៃយន្តការការិយាល័យទំនាក់ទំនងព្រំដែន (BLO) សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការអនុវត្តការងារត្រួតពិនិត្យគ្រឿងញៀនឆ្លងដែនទៅថ្ងៃខាងមុខ។
លើសពីនេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ណែនាំបន្តថា គ្រប់ក្រសួង-ស្ថាប័ន អង្គភាពកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេស គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកអនុវត្ត សកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានម៉ឹងម៉ាត់ និងកាន់តែខ្លាំងក្លាថែមទៀត ស្របតាមផែនការគោលនយោបាយយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។