សម្តេចតេជោ៖ ចិនជួយទិញអង្ករកម្ពុជា គឺជានយោបាយជួយកម្ពុជា ខណៈចិនមានអង្ករបម្រុងទុកស្រាប់ហើយ
ភ្នំពេញ៖ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសចិន បានជួយទិញអង្ករកម្ពុជានាពេលកន្លងទៅ គឺជានយោបាយជួយប្រទេសកម្ពុជា តែប៉ុណ្ណោះ ខណៈប្រទេសមានចិនមានអង្ករបម្រុងទុករាប់រយលានតោនឯណោះ។
សម្តេចតេជោ ហ៊ុន សែន បន្តថា ត្រូវពន្លឿនការរៀបចំផែនការ និងអភិវឌ្ឍន៍គំនិតផ្តួចផ្តើមប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តភូមិពាយ័ព្យ ដោយផ្សាភ្ជាប់នឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀងគរវិនិយោគទាំងក្នុង និងក្រៅប្រទេសមកចូលរួមជំរុញផលិតកម្ម ការកែច្នៃ និងការនាំចេញកសិផលវ៉ារីវប្បកម្ម និងបសុសត្វ ទៅកាន់ទីផ្សារចិន និងអន្តរជាតិ។
សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា “កុំភ្លេចថាចិន មានប្រជាជន ១,៤០០លាននាក់ មានតម្រូវការ ប៉ុន្តែក៏គួរតែត្រូវយល់មិត្តចិន ជួយទិញអង្ករយើងកន្លងទៅគឺជានយោបាយជួយកម្ពុជាទេ កុំភ្លេចថាចិនមានអង្ករគ្រប់គ្រាន់ ហើយមានបម្រុងទុកមិនដឹងថាចិន មានបម្រុងទុកប៉ុន្មានរយលានតោនទេ… បើយើងនិយាយឱ្យមិត្តជួយទិញស្កសរ នាយករដ្ឋមន្ត្រីចិន សុំអភ័យទោសតែម្តង តិចកុំគិតថាចិនមានប្រជាជនច្រើនអ៊ឹចឹងខ្លះអង្ករ ឬស្កសរ គឺអត់ទេ ចិនមានគ្រប់ ប៉ុន្តែ ចិនជួយទិញយើង”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលចិនខ្វះដូចជា៖ ផ្លែមៀន ផ្លែចេក រួមជាមួយផលិតផលផ្សេងទៀតដែលកម្ពុជា ត្រូវរកវិធីផលិតឱ្យត្រូវនឹងស្តង់ដារ ដើម្បីអាចនាំទៅកាន់ទីផ្សាររបស់ប្រទេសចិន។ បន្ថែមពីនេះផលិតផលទាំងនោះយើងក៏អាចនាំចេញទៅកាន់ប្រទេសដទៃទៀត មិនមែនគ្រាន់តែតម្រង់ទៅកាន់ប្រទេសចិននោះទេ៕