ការដ្ឋានស្ពានបេតុង ២កន្លែងនៅខណ្ឌមានជ័យ នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត កើតចេញពីមនុញ្ញផលនៃ «សន្តិភាព និងការអភិវឌ្ឍជាតិ ក្រោមនយោបាយឈ្នះឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ស្ពានបេតុង ២កន្លែង ស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ក្នុងតំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ នៃខណ្ឌមានជ័យ ត្រូវបានបើកការដ្ឋានស្ថាបនា ដើម្បីសម្រួលចរាចរណ៍ និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញកាន់តែស្រស់ស្អាតសមជាទីក្រុងស៊ីវីល័យ។
ពីធីបើកការដ្ឋានបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងលោកឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុនប៉េងហួត នៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ក្នុងភូមិទួលរការសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
នៅក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ក្រោយឆ្នាំ១៩៧៩ តំបន់បឹងទំពន់-ជើងឯក ជាតំបន់វាលទំនាប និងលិចទឹកនារដូវវស្សា ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ត្រូវបានប្រើប្រាស់ជាអាងស្តុកទឹកសំអុយ និងជាស្រែប្រាំង ដាំបន្លែបង្ការបន្តិចបន្តួច សម្រាប់អាស្រ័យផលរបស់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នេះតែប៉ុណ្ណោះ។
ឯកឧត្ដមរម្លឹកថា នៅឆ្នាំ២០០៦ រាជរដ្ឋាភិបាល បានសម្រេចកែលម្អតំបន់នេះ ជាទីក្រុងរណបថ្មី សំដៅបង្កើននូវសក្តានុពលសេដ្ឋកិច្ច សង្គមកិច្ចឱ្យបានខ្លាំងក្លាថែមទៀត ឆ្លើយតបទៅនឹងតម្រូវការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ រាជធានីភ្នំពេញ។ ផ្អែកតាមប្លង់មេនៃគម្រោងតំបន់នេះ ត្រូវស្ថាបនាមហាវិថីចំនួន ៣ខ្សែ រូមមាន៖
*ខ្សែទី១ គឺមហាវិថីសម្តេចតេជោ ហ៊ុន សែន
*ខ្សែទី២ គឺមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគា ធិបតី ហ៊ុន នាង
*ខ្សែទី៣ គឺមហាវិថីកាត់ទទឹងទី២ ព្រមទាំងត្រូវ ស្ថាបនាផ្លូវមេចំនួន ៦១ខ្សែ និងបំពាក់ភ្ជាប់នូវបណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ខ្សែកាបអុបទិច ប្រព័ន្ធលូបង្ហូរទឹកភ្លៀង ទឹកសំអុយ រក្សាទុកអាងស្តុកទឹក អាងប្រព្រឹត្តកម្មទឹកកខ្វក់ លើកកម្ពស់ដីរូបសាស្ត្រកំណត់តំបន់បៃតង រៀបចំប្រព័ន្ធចរាចរណ៍ដឹកជញ្ជូន និងសំណង់ សិល្បការជាច្រើនទៀត។
ឯកឧត្ដម ឃួង ស្រេង បានចាត់ទុកថា គម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពន់-ជើងឯក ត្រូវបានផុសចេញជារូបរាងឡើងជាបណ្តើរៗ មានទាំងគម្រោងអគារពាណិជ្ជកម្ម-ខុនដូប្រណីត, អគារតាំងបង្ហាញរថយន្តប្រណិត, សាលាអន្តរជាតិ ISPP, បុរី Town, បុរី ជីបម៉ុង, បុរី ប៉េងហូត, គម្រោងផ្សារ ទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល, ផ្សារទំនើប PH Diamond Place និងគម្រោងផ្សារទំនើបអីអនទី៣ ព្រមទាំងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត។
ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា ការបើកការដ្ឋានស្ថាបនាស្ពានបេតុង២កន្លែង នៅលើមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង គឺជាផ្នែកមួយនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពន់-ជើងឯក ដែលជាការចូលរួមចំណែករបស់វិស័យឯកជន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ក្រោយពេលស្ពានទាំងពីរនេះ ត្រូវបានស្ថាបនារួចរាល់ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន នោះគឺការតភ្ជាប់តួមហាវិថីអ្នកឧកញ៉មហារក្តីសប្បរិសភោគាធិបតី ហ៊ុន នាងទាំងមូល ដែលជាផ្លូវយុទ្ធសាស្ត តភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ផ្លូវលេខ៣៧១ សម្រាប់សម្រួលដល់ការធ្វើដំណើរចំពោះប្រជាពលរដ្ឋ ក្នុងតំបន់នេះ និងជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍទីក្រុង ដើម្បីជួយសម្រាលការកកស្ទះចរាចរណ៍លើមហាវិថីសម្ដេចតេជោ ហ៊ុន សែន, វិថីកងយោធពល ខេមរភូមិន្ទ និងកំណាត់ផ្លូវលេខ៣៧១ ដែលនឹងធ្វើឱ្យទីក្រុងរបស់យើងកាន់តែមានលក្ខណៈសម្បត្តិប្រកួតប្រជែងខ្ពស់ ជាពិសេសកាត់បន្ថយថ្លៃដើម នៃការចំណាយលើការដឹកជញ្ជូនផលិតផល និងសេវាកម្មនានា កាន់តែប្រសើរឡើង។
ឯកឧត្ដម ឃួង ស្រេង បន្តថា «ពិធីបើកការដ្ឋាននេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត កើតចេញពីមនុញ្ញផលនៃ «សន្តិភាព និងការអភិវឌ្ឍជាតិ មាតុភូមិ ក្រោមនយោបាយ ឈ្នះ-ឈ្នះ» របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន ជាមួយនិងវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន»។
ឯកឧត្ដម ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានមន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធ ក្រុមហ៊ុនសាងសង់ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការ រួមគ្នាដោះស្រាយផលប៉ះពាល់ និងខិតខំអនុវត្តគម្រោងឱ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌបច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង ប្រកបដោយគុណភាព និងសោភ័ណភាពល្អស្អាត។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានលើកឡើងដែរថា ស្ថានបេតុងតុងស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាងនេះ មាន២កន្លែង ក្នុងនោះស្ពានទី១ មានប្រវែង២០ម៉ែត្រ គុណ ២៨,៥ម៉ែត្រ និងស្ពានទី២ មានប្រវែង ១៦០ម៉ែត្រ គុណ ២៨,៥ម៉ែត្រ ដោយប្រើប្រាស់ពេលវេលា នៃការស្ថាបនាចំនួន២៤ខែ និងចំណាយថវិកាចំនួន៥លានដុល្លារ ដើម្បីបំរើផលប្រយោជន៍សាធារណៈ និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញ កាន់តែមានភាពស្រស់បំព្រងផងដែរ៕