ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងតាកាយតាយ ប្រទេសហ្វីលីពីន បានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យ
ភ្នំពេញ៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងតាកាយតាយ ប្រទេសហ្វីលីពីន បានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យ នៅថ្ងៃទី២៧ ខែមីនានេះ។ នេះបើយោងតាមCambodia 2023។
ពិធីដង្ហែនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាង CAMSOC, ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន ព្រមទាំងមានការចូលរួមពី លោក Abraham Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC), លោក Michael Barredo ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកហ្វីលីពីន និងឯកឧត្តមលោកជំទាវ ជាអង្គទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំសាធារណៈរដ្ឋហ្វីលីពីន និងទាំងភ្ញៀវកិត្តិយសជាច្រើនផងដែរ៕