ឯកឧត្ដម សក់ សេដ្ឋា ចូលរួមកិច្ចប្រជុំអន្តរក្រសួង ឆ្លងសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងឆ្លងសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីពីឯកឧត្តម អង្គវង្ស វឌ្ឍនា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ។
សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាន១២ជំពូក និង១៨២មាត្រា។
សេចក្ដីព្រាងច្បាប់នេះចែងអំពីការចុះបញ្ជីអត្រានុកូលដ្ឋាន, ស្ថិតិអត្រានុកូលដ្ឋាន, ការចុះបញ្ជីស្នាក់នៅ, ការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន, ការប្រើប្រាស់ទិន្នន័យ ការការពារឯកជនភាពបុគ្គល និងសន្តិសុខទិន្នន័យ, កម្រៃសេវា, ការត្រួតពិនិត្យ និងអធិការកិច្ច និងទោសប្បញ្ញាត្តិជាដើម៕