ប្រមុខរាជរដ្ឋាភិបាល ស្នើឲ្យម៉ាឡេស៊ីបង្កើនការទិញអង្ករ និងគ្រាប់ស្វាយចន្ទីពីកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យម៉ាឡេស៊ីបង្កើនការទិញអង្ករ និងគ្រាប់ស្វាយចន្ទី ពីប្រទេសកម្ពុជា ។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ ឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំក៏បានស្នើឱ្យម៉ាឡេស៊ីបង្កើនការទិញអង្ករ និងកសិផលនៅកម្ពុជា តាមរយៈការបង្កើនក្រុមហ៊ុនប្រមូលទិញ និងកែច្នៃនៅកម្ពុជាសម្រាប់លក់នៅលើទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសម៉ាឡេស៊ី និងទីផ្សារផ្សេងទៀតតាមផ្លូវដឹកជញ្ជូនត្រង់ពីព្រះសីហនុទៅកាន់រដ្ឋប៉េណាំង រដ្ឋប៉េហាំងជាដើម»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យវិនិយោគិន ក្រុមហ៊ុនម៉ាឡេស៊ីមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យបានច្រើន ៕