ជប៉ុន នឹងផ្តល់រថយន្តដឹកសំរាមខ្នាតតូច ១០គ្រឿងដល់ក្រសួងបរិស្ថាន ដើម្បីចែកជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
ភ្នំពេញ៖ ជប៉ុន នឹងផ្តល់ជារថយន្តដឹកសំរាមខ្នាតតូចចំនួន ១០គ្រឿងដល់ក្រសួងបរិស្ថានដើម្បីចែកជូនរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទទួលជួបឯកឧត្ដម Ueno Atsushi អគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (Kusanone) នៅទីស្តីការក្រសួងបរិស្ថាន ។
តាមរយៈគម្រោង នេះភាគីជប៉ុននឹងផ្តល់ជារថយន្តដឹកសំរាមខ្នាតតូចចំនួន ១០គ្រឿងដល់ក្រសួងបរិស្ថានដើម្បីចែកជូនរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ ការចូលរួមរបស់ប្រទេសជប៉ុនលើវិស័យបរិស្ថាន និងចូលរួមអនុវត្ត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងសំរាម សំណល់រឹង នេះឆ្លុះបញ្ចាំងពីភាពជាដៃគូរក្នុងការអភិវឌ្ឍប្រទេស ដើម្បីធ្វើឲ្យទីក្រុងស្អាត កាត់បន្ថយសំរាម និងសំណល់នានា។
ជាមួយគ្នានោះដែរឯកឧត្ដម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំប្រទេសកម្ពុជា បានប្តេជ្ញាបន្តការផ្តល់រថយន្តប្រមូលសំរាម សំណល់រឹងទីប្រជុំជន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈក្រសួងបរិស្ថាន។
ការផ្តល់រថយន្តជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺជាការចូលរួមចំណែកមួយរបស់ស្ថានទូតជប៉ុន ជាមួយនិងក្រសួងបរិស្ថានដែលបាន៖ទី១ បន្តបណ្ដុះបណ្តាល ទី២ ផ្ដល់សម្ភារៈ និងថវិកាទៅឱ្យរដ្ឋបាលក្រុងស្រុក ទី៣ រៀបចំសេវាប្រមូលសំរាម គ្រប់គ្រងទីលានទុកដាក់សំរាម និងរៀបចំប្រព័ន្ធប្រមូលកម្រៃដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ៕