ក្រសួងប្រៃសណីយ៍ រកឃើញទីតាំងត្រូវដាក់បង្គោលអង់តែង ១ពាន់បង្គោល ក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ដើម្បីឲ្យមានសេវាទូរស័ព្ទ
ភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ក្រសួងបានរកឃើញទីតាំង ដែលត្រូវដាក់បង្គោលអង់តែង ចំនួន ១០០០បង្គោល នៅទូទាំងរាជធានីភ្នំពេញ ដើម្បីឲ្យមានសេវាទូរស័ព្ទ។
ក្នុងពិធីបិទទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នាថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា «ឥឡូវនេះ ក្រុមការងារកំពុងតែធ្វើការងារ១៤ខណ្ឌ, ១៤ខណ្ឌនេះ យើងរកឃើញថាប្រហែលជាត្រូវដាក់បង្គោលអង់តែង ១,០០០បង្គោល ហើយក្រុមការងារធ្វើការងារ ទាំងយប់ទាំងថ្ងៃ»។ ឯកឧត្ដមថា ក្រសួងកំពុងតែធ្វើការជាមួយប្រតិបត្តិករ ដាក់បង្គោលអង់តែន ដើម្បីធ្វើឲ្យភ្នំពេញ មានសេវាទូរស័ព្ទ ប៉ុន្ដែបញ្ហាប្រឈម គឺពិបាករកទីតាំងដាំបង្គោលអង់តែន។
ឯកឧត្ដមរដ្ឋមន្ត្រី បន្ថែមថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវរកបង្គោលដាក់នៅលើដំបូងផ្ទះ របស់ប្រជាពលរដ្ឋ ប៉ុន្ដែតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា គឺផ្ទះគេជាផ្ទះឯកជន ដូច្នេះក្រសួងមិនអាចចូលទៅបានទេ លុះត្រាណាតែម្ចាស់ផ្ទះគេឯកភាព។
ឯកឧត្ដមគូសបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្ដេជ្ញាចិត្ដនឹងធ្វើយ៉ាងម្ដេច ឲ្យឆ្នាំ២០២៣នេះ គឺរាជធានីភ្នំពេញ ឲ្យមានសេវាល្អប្រសើរ ហើយទន្ទឹមនឹងនេះ ក្រសួងក៏ត្រូវរៀបចំសេវានៅតាមខេត្តផងដែរ ព្រោះថាបើនៅភ្នំពេញល្អ នៅតាមខេត្ដអត់ល្អ អ្នកទូរស័ព្ទពីភ្នំពេញទៅនៅតែអត់ល្អដដែល។
ឯកឧត្ដមលើកឡើងថា ការដែលពង្រឹកសេវាទូរស័ព្ទនេះ ដើម្បីបម្រើដល់គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ព្រោះថា បើសិនជាចង់សម្រេចបាន នូវគោលដៅប្រទេសកម្ពុជា ជាប្រទេសដែលមានសេដ្ឋកិច្ច និងសង្គមឌីជីថល លុះត្រាណាតែសេវាអ៊ិនធឺណែត សេវាទូរស័ព្ទ គឺត្រូវតែល្អ ៕