អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣
ភ្នំពេញ៖ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍ដោយសង្ខេបស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងថា អគ្គាធិការដ្ឋាន មានតួនាទីជាសេនាធិការជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើការងារអធិការកិច្ច និងអង្កេតស្រាវជ្រាវលើបណ្តឹងតវ៉ា បណ្តឹងបរិហារ ដែលពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការរបស់មន្រ្តីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ។
ក្នុងពិធីនោះដែរ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានធ្វើការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គាធិការដ្ឋាន ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចនាពេលកន្លងមក។
ទន្ទឹមនោះ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំមួយចំនួនជូនដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ច និងមានសាមគ្គីភាពល្អ។
ជាមួយគ្នានោះដែរ ឯកឧត្តម រដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋាន បានប្រគល់វិញ្ញាបនបត្រដល់ថ្នាក់ដឹកនាំ និងមន្រ្តីបម្រើការងារនៅអគ្គាធិការដ្ឋាន៕