ឯកឧត្តម កៅ កោសល បើកសិក្ខាសាលា ស្តីពីផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជា សម្រាប់ទីផ្សារប្រទេសជប៉ុន
ភ្នំពេញ៖ ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជាតំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុន” ដែលរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ តាមរយៈកិច្ចសហការរៀបចំរបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹង បទពិសោធន៍ អំពីការជំរុញនាំចេញផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុនដែលជាទីផ្សារធំមួយក្នុងតំបន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។
សិក្ខាសាលានេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម តំណាងអង្គការ Jetro ភ្នំពេញ ជាពិសេសធុរជន និងផលិតករកម្ពុជា-ជប៉ុន ដែលកែច្នៃផលិតផលកសិកម្ម និងផលិតផលផ្លែឈើក្រៀមចំនួន ១០៣រូប ចូលរួមដោយផ្ទាល់ និង ៤២រូប ចូលរួមតាមប្រព័ន្ធវីដេអូ ពីប្រទេសជប៉ុន។
ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តមប្រតិភូ បានលើកឡើងថាសិក្ខាសាលានេះ មានគោលបំណងធ្វើការផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹង បទពិសោធន៍ អំពីការជំរុញនាំចេញផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុន ដែលជាទីផ្សារធំមួយក្នុងតំបន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។
ឯកឧត្តមបានបន្តថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់ប្រមាណជាង ១,៩៤៨លានដុល្លារអាម៉េរិក ក្នុងនោះ កម្ពុជាបាននាំចេញទៅជប៉ុន មានទឹកប្រាក់ប្រមាណជាង ១,១៧៣លានដុល្លារអាម៉េរិក និងជប៉ុនបាននាំចូលមកកម្ពុជាមានទឹកប្រាក់ប្រមាណជាង ៧៧៥លានដុល្លារអាម៉េរិក។
ឯកឧត្តមប្រតិភូ បញ្ជាក់ថា គម្រោងវិនិយោគសំខាន់ៗរបស់ជប៉ុននៅកម្ពុជា រួមមាន៖ វិស័យបង្គុំរថយន្ដ និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មាននូវវត្តមាននៃធុរកិច្ចជប៉ុនតូចធំ ប្រមាណ ១,៧០០ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋានជាដើម។
គួរបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញចំនួន២ ពីសំណាក់វាគ្មិនជាវិស័យឯកជនជប៉ុនដែលរួមមាន៖ បទបង្ហាញទី១ ស្តីពី “និន្នាការទីផ្សារជប៉ុននាពេលចុងក្រោយ” ដោយលោក Yoshitaka Tanaka ស្ថានិក /អគ្គនាយក នៃក្រុមហ៊ុន Tanaka Value-Plus Trading Co., LTD (Japan) and Grit Capital Ple Ltd (Singapore) and Director of Grit Capital (Cambodia) Co., Ltd។ បទបង្ហាញទី២ ស្តីពី “សក្តានុពលនៃផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មផ្សេងៗនៅកម្ពុជា” ដោយលោក Kazuhiro Okuda អ្នកគ្រប់គ្រង ទូទៅនៃក្រុមហ៊ុន S.E.A.T.S Farm។
ក្នុងសិក្ខាសាលានេះក៏មានវិស័យឯកជនកម្ពុជាមួយចំនួនមានចំណាប់ អារម្មណ៍លើព័ត៌មាននានាទាក់ទងនឹងការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសជប៉ុន និន្នាការកំពុងនិងផលិតផលកំពុងពេញនិយមនៅប្រទេសជប៉ុន នីតិវិធីនាំចេញទៅលកាន់ប្រទេសជប៉ុន ហើយវាគ្មិនក៏បានផ្តល់នូវចម្លើយយ៉ាងលំអិតផងដែរ។
ថ្លែងក្នុងសុន្ទរកថាបិទសិក្ខាសាលា លោកបណ្ឌិត Kunihiko HIRABAYASHI អគ្គលេខាធិការ នៃមជ្ឈមណ្ឌល អាស៊ាន-ជប៉ុន មានចំណាប់អារម្មណ៍ចំពោះការដាំដុះនៅកម្ពុជា មានភាពសំបូរបែបប្រកបដោយសក្តានុពលខ្ពស់ និងធម្មជាតិ ដោយរក្សាទុករស់ជាតិដើម និងក្លិនពិសេស (ស្វាយ ស្វាយចន្ទី និងម្រេច) ជាដើម។
លោកបណ្ឌិត បន្តថា ប្រទេសកម្ពុជាមានការអភិវឌ្ឍខ្ពស់ ផ្តោតសំខាន់លើវិស័យវាយនភណ្ឌ សំណង់ និងទេសចរណ៍ ជាពិសេស វិស័យកសិកម្មមានការដាំដុះគិតគូដល់និរន្តរភាព វិបុលភាព និងសុខភាព ប្រកបដោយសុវត្ថិភាព និងគុណភាព។ លោកបណ្ឌិត ក៏បានបញ្ជាក់ជូនថា មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែច្រើនឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសជប៉ុន ព្រមទាំងលើកកម្ពស់សន្តិភាពក្នុងតំបន់នៃសមាជិកអាស៊ានទាំង១០ និងប្រទេសជប៉ុនផងដែរ៕