ឯកឧត្តម សុះ មុះសិន៖ រាជរដ្ឋាភិបាលតែងតែគិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ដោយមិនប្រកាន់ពូជសាសន៍ឡើយ
ភ្នំពេញ៖ ឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណចលនាសាសនិកឥស្លាមកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែគិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ដោយមិនប្រកាន់ពូជសាសន៍ឡើយ។
ការលើកឡើងរបស់ឯកឧត្ដមបែបនេះបានធ្វើឡើង ក្នុងឳកាសអញ្ជើញជួបសំណេះសំណាល និងប្រគល់ថវិកាចំនួន២៦៣២ដុល្លារ សម្រាប់វិហារឥស្លាមអាហារកញ្ចប់ចំនួន៤៩៦កញ្ជប់ ជូនប្រជាពលរដ្ឋ មកពីបណ្តាភូមិនៅក្នុងស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
នៅក្នុងឳកាសនោះឯកឧត្តម សុះ មុះសិន បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអុំ ពូមីង បងប្អូនប្រជាពលរដ្ឋពីចំងាយផងដែរ។
ឯកឧត្តមបានបន្តថា សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែរួមសុខរួមទុក្ខ ជាមួយបងប្អូន មិនថាបងប្អូនស្ថិតនៅក្នុងស្ថានកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាល មិនទុកបងប្អូនចោលនោះទេ ហើយសូមបងអុំពូ មីង បងប្អូនត្រូវតែរួមគ្នាថែរក្សាសន្តិភាព ពីព្រោះមានសន្តិភាពទើប មានការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តម បានបញ្ជាក់ដែរថា «យើងរួមសុខរួមទុក្ខជាមួយគ្នា ហើយរាជរដ្ឋាភិបាលតែងតែគិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ដោយមិនប្រកាន់ពូជសាសន៍ឡើយ» ហើយសំណូមពរដល់អុំពូមីង បងប្អូនទាំងអស់ដែលគ្រប់អាយុ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា៕