ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញទស្សនកិច្ច និងប្រគល់សម្ភារៈកីឡា រួមទាំងសម្ភារៈឧបត្ថម្ភមួយចំនួនជូនដល់អត្តពលិកពិការ នៅមជ្ឈមណ្ឌលជាតិជនពិការ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក. ) រួមដំណើរដោយ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិយុទ្ធនាការ Beyond the game បានអញ្ជើញទស្សនកិច្ច និងប្រគល់សម្ភារៈកីឡា រួមទាំងសម្ភារៈឧបត្ថម្ភមួយចំនួនជូនដល់អត្តពលិកពិការ នៅមជ្ឈមណ្ឌលជាតិជនពិការ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។
ជាមួយគ្នានេះ ក៏មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ រួមទាំងសមាជិក សមាជិកា និងអត្តពលិកសរុបចំនួន ៩៣រូប។
នាឱកាសនោះ ឯកឧត្តម យី វាសនា បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី ដែលជានិច្ចកាលតែងបានឧបត្ថម្ភគាំទ្រ ក៏ដូចជាផ្ដល់ការលើកទឹកចិត្តដល់កីឡាករ កីឡាការនីពិការ រួមទាំងការផ្ដល់ជូននូវអំណោយ ជាសម្ភារៈកីឡា និងសម្ភារៈឧបត្ថម្ភផងដែរ។
ថ្លែងប្រសាសន៍សំណេះសំណាលក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់អត្តពលិកពិការទាំងអស់ឱ្យខិតខំផ្ដោតអារម្មណ៍ប្រឹងប្រែងហ្វឹកហាត់សមត្ថភាពជាមួយសម្ភារៈបច្ចេកទេសលើវិញ្ញាសារនីមួយៗ ថែរក្សាសុខភាព រួមទាំងហ្វឹកហាត់ទាំងផ្នែកស្មារតីឱ្យបានល្អ ក្នុងនាមជាតំណាងកម្ពុជា ដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ។
ផ្សារភ្ជាប់ជាមួយគ្នានេះ ឯកឧត្តម បានមានប្រសាសន៍ថា ការដណ្ដើមមេដាយជារឿងសំខាន់ ហើយអ្វីដែលសំខាន់ជាងនោះទៀតនោះ គឺទឹកចិត្តនៃការខិតខំប្រឹងប្រែងរបស់អត្តពលិកដើម្បីជាតិ និងការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាចំពោះកីឡាករ កីឡាការនី ដែលខំបំពេញភារកិច្ច ដើម្បីជាកិត្តិយស និងនាំយកភាពជោគជ័យជូនជាតិ៕