ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ភាពសុខសាន្តរបស់ប្រជាជនកម្ពុជាពេលបច្ចុប្បន្ន គឺកើតចេញពីការលះបង់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថា្នក់កណ្តាល បានមានប្រសាសន៍ថា ភាពសុខសាន្តត្រាណដូចពេលបច្ចុប្បន្ន គឺបានកើតចេញពីការលះបង់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ។
ការថ្លែងរបស់ឯកឧត្ដមបែបនេះបានធ្វើឡើង ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ជាសមាជិក សមាជិកាគណបក្ស ក្រោមឱវាទមន្ទីរអប់រំ យុវជន និង កីឡា រាជធានីភ្នំពេញនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្ដម ហ៊ុន ម៉ាណែតបញ្ជាក់ថា “ពិតណាស់ ភាពសុខសាន្តត្រាណដូចពេលបច្ចុប្បន្ន គឺបានកើតចេញពីការលះបង់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែងស្ថិតនៅជាមួយប្រជាពលរដ្ឋ និងនៅតែបន្តធ្វើអ្វីៗសព្វបែបយ៉ាង ដើម្បីធានាឱ្យបាននូវសុខសន្តិភាព, សេរីភាព, វិបុលភាព និងវឌ្ឍនភាព សម្រាប់ប្រជាជន និងប្រទេសដ៏កំសត់របស់យើង ដែលធ្លាប់ទទួលរងវិនាសកម្ម និងជម្លោះបែកបាក់ជាច្រើនសតវត្សរ៍កន្លងមកហើយ”។
ជាមួយគ្នានោះឯកឧត្ដមបាន វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលកើតមានឡើងក្រោមកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងអង្គការចាត់តាំងចំណុះគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មក្នុងបុព្វហេតុឥតងាករេ គឺការបម្រើប្រជាជន និងកសាងប្រទេសជាតិឱ្យរីកចម្រើនរុងរឿងយូរអង្វែងតទៅ៕