ឯកឧត្តម ហ៊ុន ម៉ាណែត កោតសរសើរចំពោះគណៈគ្រប់គ្រងមណ្ឌលសុខភាពមរតកសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជុំគិរី ដែលខិតខំយកចិត្តទុកដាក់រៀបចំពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈគ្រប់គ្រង, ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មណ្ឌលសុខភាពមរតក សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជុំគិរី ដែលបានខិតខំយកចិត្តទុកដាក់រៀបចំដាក់ឱ្យដំណើរការមណ្ឌលសុខភាពមួយនេះ ដើម្បីពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានស្រុកជុំគិរី ខេត្តកំពតដោយឥតគិតថ្លៃ ដោយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការថែទាំ និងលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ឯកឧត្តមបន្តថា មួយវិញទៀត ក៏សូមសម្តែងនូវការអរគុណចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្តកំពត, មន្ទីរសុខាភិបាល, អាជ្ញាធរស្រុក-ឃុំ, កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រ និងការសម្របសម្រួលបង្កលក្ខណៈដល់ដំណើរការរបស់មណ្ឌលសុខភាពមរតក សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជុំគិរី ចាប់តាំងពីពេលដាក់ឱ្យដំណើរការពីឆ្នាំ២០១៧ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ក្នុងបុព្វេហតុបម្រើប្រជាពលរដ្ឋ ដូចពេលបច្ចុប្បន្ននេះ។
ឯកឧត្តមមានប្រសាសន៍បែបនេះនៅក្នុងឳកាសអញ្ជើញ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សមោ្ពធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភព និងអគារផ្ទះអគាររោងបាយ នៃមណ្ឌលសុខភាពមរតក សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជុំគិរី ខេត្តកំពត នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។
ជាមួយគ្នានោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំត្រពាំងរាំង ក៏ដូចជាអ្នកស្រុកជុំគិរី និងខេត្តកំពតទាំងមូលចំពោះការទទួលបាននូវសមទ្ធិផលអគារថ្មីៗ រួមមាន៖ អគារសម្ភព ១ ខ្នង កម្ពស់ ២ ជាន់ និងអគាររោងបាយ ១ ខ្នង បន្ថែមលើសមិទ្ធផលដែលមានស្រាប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់បម្រើសេវាដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ៕