បុរសម្នាក់ចាក់សម្លាប់ប្រពន្ធខ្លួនឯងព្រោះភ្លើងប្រច័ណ្ឌ នៅស្រុកម៉ាឡៃ
បន្ទាយមានជ័យ៖ ករណីអំពើហឹង្សាប្តីចាក់សម្លាប់ប្រពន្ធ ស្លាប់ក្នុងថ្លុកឈាម ព្រោះរឿងប្រច័ណ្ឌប្រពន្ធ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង០២រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៣ នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ មិយ ពឿង អាយុ៣៨ឆ្នាំ និងជនដៃដល់ជាប្តីឈ្មោះ ជា សារ៉ាន់ អាយុ៣៨ឆ្នាំ គ្រួសារនេះ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបន្តថា ប្តីប្រពន្ធ០២នាក់តែងតែមានរឿងរកាំរកុះឈ្មោះទាស់ទែងគ្នារស់នៅមិនចុះសម្រុង ព្រោះបុរសជាប្តីតែងតែមានអាការៈប្រច័ណ្ឌនឹងប្រពន្ធ(ប្តីពីមុនតែងតែប្រើប្រាស់គ្រឿងញៀន) ។ នៅមុនពេលកើតហេតុទាំង០២នាក់ប្តីប្រពន្ធបាននាំគ្នាវិលត្រឡប់ពីធ្វើការនៅប្រទេសថៃ ដើម្បីធ្វើការលែងលះគ្នា នៅសាលាឃុំ ថ្ងៃចន្ទខាងមុខនេះ ឲ្យអាជ្ញាធរដឹងលឺ តែបុរសជាប្តីបាននិយាយថាលែងគ្នាបាន តែបើយកកូនទាំង០២នាក់ខ្លួនមិនព្រមលែងនោះទេ គឺគេសុខចិត្តយកកូនទាំង០២នាក់ ។ តែទោះជាយ៉ាងណាមិនទាន់បានឲ្យអាជ្ញាធរដោះស្រាយរឿងការបែងចែកកូននោះផង ស្រាប់តែបុរសជាប្តីបានយកវត្ថុរឹងចាក់ទៅលើប្រពន្ធ ត្រូវចំដើមដោះខាងស្តាំ បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម បន្ទាប់ជនដៃដល់បានរត់គេចខ្លួន ។
លោកវរសេនីយ៍ឯកបេន សំអាត បានបញ្ជាក់ថា ក្រោយពីកើតមានករណីឃាតកម្មនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីចាប់ជនដៃដល់យកទៅផ្តន្ទាទោសឲ្យខាងតែបាន ។
កម្លាំងនគរបាលស្រុកម៉ាឡៃ និងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានសហការស្រាវជ្រាវនឹងឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់ នៅវេលាម៉ោង០៦និង៣៥នាទីយប់ថ្ងៃទី០១ខែមេសា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តកៅបី ស្ថិតក្នុងភូមិកៅបី ឃុំ អូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធី៕