លោកជំទាវ ម៉ែន សំអន អញ្ជើញអុជធូប និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅខេត្តសៀមរាប
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញអុជធូប និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅខេត្តសៀមរាប ។
កម្មវិធីបួងសួងថ្ងៃនេះរួមមាន៖
១. ពិធីអុជធូប ថ្វាយផ្កានៅព្រះអង្គចេកព្រះអង្គចម (មុខព្រះរាជដំណាក់)
២. បួងសួងនៅមុខរូបសំណាកមេទ័ពទាំង១២
៣. ថ្វាយគ្រឿងសក្ការៈ លោកយាយទេព
៤. ថ្វាយគ្រឿងសក្ការៈ ព្រះឥន្ទ្រកោសីយ៍
ពិធីនោះផងដែរក៏មានវត្តមាន លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកជំទាវ ហង់ ភារី អ៉ឹម សិទ្ធី, ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, ឯកឧត្តម ទៀ សីហា គណៈអភិបាល នៃអភិបាលខេត្តសៀមរាបនិងលោកជំទាវ និង មន្ត្រីរាជការអង្គភាពជុំវិញខេត្ត ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។ ជាពិសេស សូមឲ្យប្រទេសជាតិរួចផុតពី ជម្ងឺដង្កាត់ ជម្ងឺកូវីដ-១៩ គ្រោះកាចចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្ត។ ជាពិសេស សូមឲ្យពិធីសង្ក្រាន្តសៀមរាបបានដំណើរការទៅដោយរលូន និង ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដំណើរការទៅតាមផែនការដែលបានគ្រោងទុក ៕