អភិបាលខេត្តតាកែវ ស្នើវៀតណាម រួមគ្នារក្សាពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យបានល្អនឹងកាន់តែរឹងមាំថែមទៀត កុំឱ្យមានការរាំងស្ទះពាណិជ្ជកម្ម
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយលោកអភិបាលរងខេត្ត និងមន្ត្រីជំនាញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៣នេះ បានអនុញ្ញាត និងទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តម ឡាយ ស៊នចៀន អគ្គកុងស៊ុលប្រទេសវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ដើម្បីសម្តែងនូវការអបអរសាទរ និងជូនពរនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ នាពេលខាងមុខនេះ ។
ថ្លែងក្នុងការជួបសំណេះសំណាលនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណអភិបាលខេត្តតាកែវ បានស្នើសុំទៅកាន់ឯកឧត្តម ឡាយ ស៊នចៀន អគ្គកុងស៊ុល រួមគ្នារក្សាពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យបានល្អនឹងកាន់តែរឹងមាំថែមទៀត កុំឱ្យមានការរាំងស្ទះពាណិជ្ជកម្ម ព្រោះវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ។
ជាមួយគ្នានេះផងដែរឯកឧត្តមអភិបាលខត្តតាកែវក៏បានលើកឡើង ពីប្រទេសកម្ពុជា និងត្រូវត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅខែក្រោយនេះ ហើយក្នុងនោះសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺលោកបើកឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកគាំទ្រទាំងអស់ចូលរួមទស្សនាដោយសេរី ដោយមិនគិតថ្លៃឡើយ៕