ក្រសួងព័ត៌មានសម្រេចបានសមិទ្ធផលធំៗជាច្រើនដែលបានឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែង
ភ្នំពេញ៖ ក្រសួងព័ត៌មាន សម្រេចបាននូវសមិទ្ធផលធំៗជាច្រើនដែលបានឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែង ដើម្បីអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ។
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ២០១៨ ២០២២ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៣-២០២៨ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នាសាលប្រជុំធំថ្មី របស់ក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា
ក្រសួងព័ត៌មានបានអាក់ខានរៀបចំ ពិធីបើកអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំអស់រយៈ ពេលបីឆ្នាំកន្លងទៅ ដោយសារវិបត្តិការឆ្លងរីករាលដាលនៃជំងឺកូដ ១៩ ដ៏កាចសាហាវ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា អង្គសន្និបាតរបស់ក្រសួងព័ត៌មានថ្ងៃនេះ ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក គឺជាឱកាសដ៏មាន សារសំខាន់សម្រាប់ក្រសួងព័ត៌មានធ្វើការពិនិត្យ និងវាយតម្លៃលទ្ធផលការងារ កាលានុវត្តភាព និង បណ្ដាបញ្ហាប្រឈម ក៏ដូចជាចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ ចំណេះដឹងពីគ្នាទៅ វិញទៅមក ដើម្បីរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងទិសដៅការងារសម្រាប់អនុវត្តបន្ត ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាព ជាក់ស្តែង ដើម្បីអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីសម្រេចបាន សមិទ្ធផលថ្មីៗបន្ថែមទៀត។
ឯកឧត្តម បានបញ្ជាក់ថា ស្ថិតនៅក្នុងដំណាក់កាលវិបត្តិជំងឺកូរីដ-១៩ និងវិបត្តិនយោបាយសកល បានបង្កឱ្យមានផលប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល និងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចចក្ខុ វិស័យឆ្នាំ២០៣០ និង២០៥០។ ក៏ប៉ុន្តែ ជារួមលើវិស័យព័ត៌មាន និងសោតទស្សន៍យើងនៅរក្សាបានវឌ្ឍនភាពគួរជាទីមោទនៈ ដោយសារយើងបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនាពេលកន្លងមក ក្រោមម្លប់សុខ សន្តិភាព ការអភិវឌ្ឍ និងការលើកកម្ពស់សិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មានដែល ធ្វើឱ្យក្រសួងព័ត៌មានអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យគួរជាទីមោទនៈ ៕
(ប្រភពពីវិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី )