នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអង្ករ ប្រេងឥន្ធនៈ និងថវិកា ដល់សាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែមេសា ឆ្នាំ២០២៣ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមមាន អង្ករ, ប្រេងឥន្ធន: និងថវិកា សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។
ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ កងទ័ពជើងគោក ចំពោះយោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលាទាំងអស់ ដែលបានបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម មេបញ្ជាការផងដែរ។
លោកឧត្តមសេនីយ៍ ក៏បានរំលឹកដល់ថ្នាក់ដឹកនាំសាលា គណៈកម្មការ ធ្វើយ៉ាងណា យកថវិកាទាំងនេះទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងរំលឹកដល់យោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលាទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ៕