នាយឧត្តមសេនីយ៍ សឹង សំណាង ចុះសួរសុខទុក្ខ និងសំណេះសំណាលនាយទាហានឈរជើងនៅមូលដ្ឋានកងទ័ពជើងអាកាសខេត្តព្រះសីហនុ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស និងនាយទាហានបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ចុះសួរសុខទុក្ខ និងសំណេះសំណាលនាយទាហានឈរជើងនៅមូលដ្ឋានកងទ័ពជើងអាកាសខេត្តព្រះសីហនុ។
មូលដ្ឋានទ័ពអាកាសខេត្តព្រះសីហនុ ជាមូលដ្ឋានថ្មី សាងសង់បានប្រមាណ ៩៥ភាគរយហើយ។ មូលដ្ឋានទ័ពអាកាសខេត្តព្រះសីហនុ ស្ថិតនៅជាប់នឹងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សឹង សំណាង បានមានប្រសាស៍លើកឡើងពាក់ព័ន្ធ ស្ថានភាពបច្ចុប្បន្ន និងអតីតកាល ដែលនាំឱ្យមូលដ្ឋានទ័ពអាកាសនេះ មានមុខមាត់ថ្មីធំទូលាយ។ នាយឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកឱ្យនាយនាយទាហាននៃបញ្ជាការដ្ឋានទ័ពអាកាសខេត្តព្រះសីហនុ ចេះគោរពស្រឡាញ់អតីតមេបញ្ជាការមូលដ្ឋាន ដែលបានចូលនិវត្តន៍ ហើយខ្លះទៀតកំពុងសម្រាកព្យាបាលជំងឺ ត្រូវនាំគ្នាចុះសួរសុខទុក្ខ និងជូនពរគាត់ក្នុងឱកាសបុណ្យចូលឆ្នាំម្តងៗ។
នាយឧត្តមសេនីយ៍ សឹង សំណាង បានរៀបរាប់រំលឹកពីសភាពការណ៍អន្តរជាតិ ដែលកំពុងប្រឈមសង្គ្រាមរ៉ាំរៃ។ ដោយឡែកនៅកម្ពុជា កំពុងរស់នៅក្នុងសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សេដ្ឋកិច្ចកម្ពុជា កំពុងឈានក្នុងការប្រកួតប្រជែងនៅក្នុងតំបន់ កម្ពុជាត្រូវរក្សាសន្តិភាពឱ្យបានរឹងមាំ។
នាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពអាកាស រំលឹកដល់នាយទាហានទ័ពអាកាសខេត្តព្រះសីហនុ កុំជឿការឃោសនាអកុសលរបស់ពួកក្បត់ជាតិ ដែលចង់នាំកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាមដូចនៅអ៊ុយក្រែន នៅស៊ីរី។ល។
នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសរំលេចថា បច្ចេកវិទ្យាយោធាទំនើប បានអភិវឌ្ឍន៍រីកលូតលាស់លឿនណាស់ ដូចនេះយោធិនត្រូវជឿជាក់លើថ្នាក់ដឹកនាំរាជរដ្ខាភិបាលកម្ពុជា មានគោលនយោបាយការពារជាតិ ដែលឈានទៅដល់ទំនើបភាវូនីយកម្មយោធានាពេលអនាគតខាងមុខ ក្នុងបំណងពង្រឹងសមត្ថភាពការពារបូរណភាពទឹកដី។
នាយឧត្តមសេនីយ៍ ក៏បានរៀបរាប់ពីការអភិវឌ្ឍន៍មូលដ្ឋានទ័ពអាកាសខេត្តព្រះសីហនុថ្មីដែលទាមទារថែទាំឱ្យបានដិតដល់ ពីព្រោះនេះជាកិច្ចខិតខំប្រកបដោយភាពវៃឆ្លាតរបស់ថ្នាក់បញ្ជាការកងទ័ពជើងអាកាស ជាពិសេសថ្នាក់ដឹកនាំក្រសួងការពារជាតិ ហើយហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានកងកេង បានទទួលការកោតសរសើរពីថ្នាក់ដឹកនាំក្រសួងការពារជាតិផងដែរ។
នាយឧត្តមសេនីយ៍បានក្រើនរំលឹកដល់មេបញ្ជាការមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ពិនិត្យសុខទុក្ខយោធិន និងក្រុមគ្រួសារយោធិន ដែលកំពុងមានជួបផលលំបាកជីវភាព ចេះគោរពស្រឡាញ់រាប់អានគ្នា ចេះចែករំលែក និងបើកគោលរបបបានទាន់ពេលវេលា។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានរំលេចដែរថា កាតព្វកិច្ចសំខាន់របស់យោធិនត្រូវបំពេញឱ្យខានតែបាន គឺការចូលរួមបោះឆ្នោតនៅខែកក្កដាខាងមុខ ដែល ជាការបង្ហាញពីសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរគ្រប់រូប។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស បានជូនថវិកាមួយចំនួន និងភេសជ្ជះជូននាយទាហានឈរជើងនៅមូលដ្ឋានកងទ័ពអាកាសខេត្តព្រះសីហនុ។ ក្រៅពីនេះនាយឧត្តមសេនីយ៍ បានផ្តល់ថវិកាមួយចំនួន ជូនយោធិនចូលនិវត្តន៍ពីររូបផងដែរសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ៕