មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ដឹកនាំធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីគោលបំណងនៃការបន្តរៀបចំយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២
ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំធ្វើសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញពីគោលបំណងនៃការបន្តរៀបចំយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ ដោយមានការអញ្ជើញចូលរួមពីលោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់, ប្រធានមន្ទីរបរិស្ថានខេត្ត, តំណាងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់, អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance), អង្គការ WWF, អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies), អង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា (CI), មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB), មូលនិធិម៉ាដក្សចូលីភីត (MJP), អង្គការសត្វព្រៃ, រុក្ខជាតិកម្ពុជា (FFI) និងមានអ្នកសារព័ត៌មានចំនួន ១៦ស្ថាប័នបានចូលរួមក្នុងសន្និសីទសារព័ត៌មាននារសៀលនេះ។
គួរបញ្ជាក់ថាក្រសួងបរិស្ថាន បានបន្ដដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដោយចាប់ផ្តើមពីខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកំពង់ស្ពឺ, កោះកុង, សៀមរាម, បាត់ដំបង និងប៉ៃលិន ក្នុងគោលដៅបន្តបង្កើនការយល់ដឹងរបស់សាធារណជនអំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមាន៖ ហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។
យុទ្ធនាការក៏នឹងបន្តផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ៕