ឯកឧត្ដម ហ៊ុន ម៉ានី៖ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត តែងមានការគាំទ្រយ៉ាងខ្លាំងពីយុវជនស្ម័គ្រចិត្ត ដែលជាកម្លាំងស្នូល ជំរុញឲ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅយ៉ាងរលូន
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានជូនដំណើរយុវជនស្ម័គ្រចិត្តប្រមាណ៥០០នាក់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងដែលចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាពេលដ៏ខ្លីខាងមុខនេះ។ នៅមានយុវជនស័្មគ្រចិត្ត នឹងចេញដំណើរនៅថ្ងៃបន្តបន្ទាប់ទៀត។
ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា «ព្រឹត្តិការណ៍អង្គរសង្រ្កាន្តតែងតែមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ក្រុមយុវជនស្ម័គ្រចិត្ត ដែលជាកម្លាំងស្នូលយ៉ាងសំខាន់ ក្នុងការជំរុញឲ្យមហាព្រឹត្តការណ៍មួយនេះប្រព្រឹត្តទៅយ៉ាងរលូន។ ពីមួយឆ្នាំទៅមួយឆ្នាំ អង្គរសង្រ្កាន្តត្រូវបានដឹកនាំអនុវត្តដោយឈរលើគោលការណ៍ចូលរួមដោយស្ម័គ្រចិត្ត ពីយុវជនគ្រប់ទិសទី ដែលពួកគាត់បានធ្វើការងារនេះ តាំងពីការរៀបចំគម្រោង ការអនុវត្ត និងការដឹកនាំទៅតាមក្រុមតាមផ្នែកតូចៗជាច្រើន»។
ជារៀងរាល់ឆ្នាំ នៃការរៀបចំអង្គរសង្រ្កាន្ត យុវជនដែលចង់ស្ម័គ្រចិត្ត គឺមានលើសតម្រូវការ ជាក់ស្តែងរបស់ក្រុមការងារ។ ដូច្នេះ ស.ស.យ.ក. តែងតែធ្វើការសម្ភាស ចម្រាញ់ និងសម្រាំងជាច្រើនដំណាក់កាលដើម្បី ឲ្យសមស្របទៅតាមតម្រូវការងារ។ ជាងនេះទៅទៀត ក្រុមការងារជំនាញតាមផ្នែកនីមួយៗ ក៏មានការកំណត់គុណវុឌ្ឍិក៏ដូចជាតួនាទី និងភារកិច្ចរបស់យុវជនស្ម័គ្រចិត្តនីមួយៗយ៉ាងជាក់លាក់។ ទោះបីជាយុវជនចូលរួមជាការស្ម័គ្រចិត្តក៏ពិតមែន តែការអនុវត្តការងារគឺមានភាពច្បាស់លាស់ ម្ចាស់ការ ដោយមានវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់។
គួរបញ្ជាក់ថា ការងារស្ម័គ្រចិត្តព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ បានបង្កើតឱកាសសម្រាប់យុវជនសរុបប្រមាណ ៥,០០០នាក់ ចូលរួមកិច្ចការសង្គម ដែលជាឱកាសរៀនសូត្រដ៏ល្អមួយសម្រាប់ពួកគាត់ក្នុងការអភិវឌ្ឍទាំងជំនាញរឹង (ការសម្តែង ការលេងល្បែងប្រជាប្រិយ) និងជំនាញទន់ (ការដឹកនាំក្រុមទំនាក់ទំនង ការដោះស្រាយឧបសគ្គ)។
មិនតែប៉ុណ្ណោះ វាក៏ជាឱកាសសម្រាប់យុវជនក្នុងការផ្សាភា្ជប់ទំនាក់ទំនង និងបង្កើតបណ្តាញទាក់ទងដ៏ធំមួយ។ តាមរយៈបទពិសោធន៍ទាំងនេះ នឹងអាចធ្វើឲ្យពួកគេកាន់តែមានសមត្ថភាពក្នុងការបំពេញការងារក្នុងវិជ្ជាជីវៈរបស់ខ្លួននៅអនាគតផងដែរ៕