រដ្ឋបាលខេត្តតាកែវ រៀបចំសូត្រមន្ត បង្សុកូល និងសុំពរជ័យ ពីទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសាករាជ ២៥៦៧
ភ្នំពេញ៖ រដ្ឋបាលសាលាខេត្តតាកែវ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី ព្រមទាំង ឯកឧត្តម លោកជំទាវ គណអភិបាលខេត្ត នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ បាននិមន្តព្រះសង្ឃ សូត្រមន្ត ប្រោះព្រំលើករាសី សុំសេចក្ដីសុខ ទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសាករាជ ២៥៦៧ ក្នុងគោលបំណងសុំនៅពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី នឹង សុំជួយដល់ ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការរដ្ឋបាលសាលាខេត្តតាកែវ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និង ប្រជាពលរដ្ឋខេត្តតាកែវ ឱ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួន និងបានធ្វើការបួងសួង សុំពរជ័យសិរីមង្គលពីទេវត្តាឆ្នាំថ្មី ក្នុងការប្រកបការងារជូនជាតិមាតុភូមិ ឱ្យមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យនាឆ្នាំថ្មីនេះ ។
ក្នុងពិធីសូត្រមន្ត ប្រោះព្រុំទទួលទេវតាឆ្នាំថ្មីនេះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្តចូលរួម ។
ក្នុងកម្មវិធីនេះដែរ ក៏មានការ សម្ដែងរបាំត្រុដិ ដើម្បីបណ្ដេញឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ និងនាំមកនូវការរីកចម្រើន សុភមង្គល ព្រមទាំងទទួលបាននូវភាពជោគជ័យក្នុង ការងារសម្រាប់ឆ្នាំថ្មី និង រាប់បាតព្រះសង្ឃ ផងដែរ ៕