ឯកឧត្តម ខូយ រីដា រៀបចំថ្វាយទាន ធូប កម្រងផ្កា សម្លៀកបំពាក់ និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំថ្វាយទាន ធូប កម្រងផ្កា សម្លៀកបំពាក់ និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ គស.២០២៣។
ពិធីនេះត្រូវបានធ្វើឡើង នៅបូជនីយដ្ឋានលោកឧកញ៉ា ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ក្បែងនឹងផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត ៕