សម្តេច ស ខេង ចាត់ទុកការការពារសុវត្ថិភាពល្អរបស់បុគ្គលិក កម្មករ កម្មការិនី ថាជាប្រផ្នូរដ៏ល្អមួយសម្រាប់ អគាររដ្ឋបាលក្រសួងមហាផ្ទៃថ្មី
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកការការពារសុវត្ថិភាពល្អរបស់បុគ្គលិក កម្មករ កម្មការិនី ថាជាប្រផ្នូរដ៏ល្អមួយ សម្រាប់អគាររដ្ឋបាលក្រសួង និងអ្នកបម្រើការងារទៅអនាគត មានអារម្មណ៍ល្អ សប្បាយរីករាយ ជាផ្នែកមួយនៃចិត្តសាស្រ្ត ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសាងសង់សំណង់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានបង្ហាញក្ដីរីករាយដែលមានឱកាសជាថ្មីទៀតបានមកជួបក្រុមហ៊ុន ក្រុមវិស្វករ ស្ថាបត្យករ និងក្រុមកម្មករ កម្មការិនី ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃនាពេលនេះ។ ទោះបីការដ្ឋានជិតបញ្ចប់ ប៉ុន្តែសម្ដេចសង្ឃឹមថាមានឱកាសបានជួបជាថ្មីទៀតមុនបញ្ចប់ការដ្ឋាន។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណគណៈកម្មការដឹកនាំការសាងសង់ ដែលមានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ជាប្រធាន ព្រមទាំងក្រុមហ៊ុន និងក្រុមការងារត្រួតពិនិត្យ ជាពិសេសអរគុណក្រុមវិស្វករ ស្ថាបត្យករ និងកម្មករ កម្មការិនីទាំងអស់ដែលខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ និងយកចិត្តទុកដាក់ការពារសុវត្ថិភាពយ៉ាងល្អ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថ្វីដ្បិតរយៈពេល១ឆ្នាំ ការសាងសង់សម្រេចបាន៨០ភាគរយក៏ ប៉ុន្តែការដ្ឋាននេះរក្សាបានការធានាគុណភាព មានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពិសេសរក្សាសុវត្ថិភាពបានយ៉ាងល្អ ដែលមិនត្រឹមតែបង្ហាញពីការទទួលខុសត្រូវរបស់ក្រុមហ៊ុន ឬប្រធានក្រុមជាងនោះទេ ប៉ុន្តែក៏ជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់បងប្អូនផងដែរ។
សម្ដេច បន្តថាសំណង់នេះមិនមែនប្រើប្រាស់តែ១ថ្ងៃ ២ថ្ងៃ ឬ ១ឆ្នាំ ២ឆ្នាំនោះទេ ប៉ុន្តែអាចប្រើប្រាស់ចាប់ពី១ទៅ៣ជំនាន់មនុស្សក៏ថាបាន អាស្រ័យលើការងារថែទាំបានល្អ ដូច្នេះសម្ដេចចាត់ទុកការពារសុវត្ថិភាពល្អរបស់បុគ្គលិក កម្មករ កម្មការិនី ថាជាប្រផ្នូរដ៏ល្អមួយសម្រាប់អគាររដ្ឋបាលក្រសួង និងអ្នកបម្រើការងារទៅអនាគត មានអារម្មណ៍ល្អ សប្បាយរីករាយ ជាផ្នែកមួយនៃចិត្តសាស្រ្ត។
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលខិតជិតចូលមកដល់នេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានជូនពរកម្មករ កម្មការិនី ក្រុមហ៊ុនវិស្វករ ស្ថាបត្យករ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការស៊ីវិល មន្រ្តីកងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ ជួបប្រទះព្រះពុទ្ធពរ៤ប្រការ ធ្វើដំណើរទៅស្រុកកំណើរ និងកំសាន្តទីជិតទីឆ្ងាយប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ថានាឱកាសជួបសំណេះសំណាលនេះដែរ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អំណោយជូនក្រុមកម្មករ កម្មការិនី ស្ថាបត្យករ វិស្វករ ដោយក្នុងម្នាក់ៗ ទទួលបានទឹកសុទ្ធ១កេស, មី៥កញ្ចប់, ត្រីខ៥កំប៉ុង, ទឹកក្រូច៥កំប៉ុង, សារ៉ុង១ និងថវិកា១សែនរៀល។ សម្ដេចក្រឡាហោម ស ខេង តែងតែចុះសួរសុខទុក្ខ និងផ្ដល់អំណោយលើកទឹកចិត្តជូនកម្មករ កម្មការិនី វិស្វករ និងស្ថាបត្យករ ចាប់តាំងពីពេលបើកដ្ឋានសាងសង់៕