ស.ស.យ.ក ខេត្តបាត់ដំបង បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនិងយុវជនជាច្រើនកុះករនឹងចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំនេះ
ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងជំងឺកូវីដ១៩បានដោយជោគជ័យជាពិសេសប្រទេសជាតិមានសុខសន្តិភាពពេញលេញបានផ្ដល់ឱកាសឱ្យមានការជួបជុំកម្សាន្តសប្បាយឡើងវិញនៅគ្រប់ទីកន្លែង។
ជាក់ស្ដែងសង្រ្កាន្តបាត់ដំបងនៅឆ្នាំ២០២៣នេះនឹងត្រូវរៀបចំឡើងដោយអធិកអធមជាលក្ខណៈទ្រង់ទ្រាយធំអមដោយព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើន។
ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងសហការជាមួយរដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងចាប់ពីថ្ងៃទី ១២-១៦ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យនេតយ៉ង់ ទីរួមខេត្តបាត់ដំបង។
បន្ថែមពីនេះ ឯកឧត្តម ស រដ្ឋា បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនិងយុវជនជាច្រើនកុះករនឹងចូលរួមលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងនាឆ្នាំនេះ ខណៈព្រឹត្តិការណ៍សង្រ្កាន្តកាលពីឆ្នាំ២០១៩មុនសម័យកូវីដ១៩ទទួលបានភ្ញៀវទេសចរជិត១លាននាក់។
ឯកឧត្ដមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកស្រុកកំណើតនៅបាត់ដំបងទាំងឆ្លងកាត់ សូមចូលមកលេងសង្រ្កានបាត់ដំបង នៅថ្ងៃដែលបានគ្រោងទុក ដើម្បីអបអរសាទរបុណ្យឆ្នាំថ្មី មកកាន់តែច្រើនចូលរួមសប្បាយរីករាយទាំងអស់គ្នា។
សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងសហការជាមួយរដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងអមដោយកម្មវិធីរាំលេងកំសាន្តចង្វាក់ប្រពៃណៃខ្មែរ តំបន់ត្រជាក់ចិត្ត លេងល្បែងប្រជាប្រិយខ្មែរដែលជាកេរតំណែលដ៏ល្អផូរផង់ ទស្សនាការសម្តែងសិល្បៈចម្រុះ ជួបជាមួយតារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា ថតរូបអនុស្សវរីយ៍ជាមួយទន្សាយយក្ស ពោតយក្ស ម្នាស់យក្ស និងក្រូចយក្ស កម្មវិធីប្រដាល់សេរី និងកម្មវិធីកំសាន្តប្លែកៗ ទស្សនាលេងកំសាន្តតំបន់ទាំង ៩ និងទិញទំនិញដ៏សំបូរបែប។ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១២ រហូតដល់ ១៦ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យនេតយ៉ង់ ទីរួមខេត្តបាត់ដំបង៕