លោកជំទាវ មិថុនា ភូថង ដឹកនាំប្រតិភូ ចុះសាកសួរសុខទុក្ខ និងសំណេះ សំណាលជាមួយយោធិន នៅអង្គភាពផ្នែកសឹករងមណ្ឌលសីមា ចំណុះតំបន់ប្រតិបត្តិការសឹករងកោះកុង
ភ្នំពេញ៖ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ អង្គភាពផ្នែកសឹករងមណ្ឌលសីមា បានធ្វើបដិសណ្ឋារកិច្ច ប្រកបដោយក្តីសោមនស្សរីករាយ នឹងមានមោទនភាពយ៉ាងក្រៃលែង ដោយបានទទួលដំណើរសួរសុខទុក្ខរបស់លោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានផ្តល់កិត្តិយសអញ្ជើញចុះមកសាកសួរសុខទុក្ខ សំណេះសំណាល ជាមួយយោធិន និងនាំយកអំណោយមកប្រគល់ជូនដល់អង្គភាពផ្នែកសឹករងមណ្ឌលសីមា ដែលជាអង្គភាពឈរជើងការពារតាមខ្សែបន្ទាត់ព្រំដឺនកម្ពុជា.ថៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅថ្ងៃខាងមុខ។
វត្តមានរបស់ លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុងនាពេលនេះ សបញ្ជាក់ឲ្យឃើញថា ការផ្សារភ្ជាប់រវាងអាជ្ញាធរដែនដីជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពិសេសអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង ធ្វើឲ្យកងម្លាំងកាន់តែមានភាពកក់ក្តៅ មានឆន្ទ: និងមានកម្លាំងចិត្ត ក្នុងការអនុវត្តឲ្យសម្រេចបានជោគជ័យ នូវរាល់ភារកិច្ច ដែលថ្នាក់លើ និងរាជរដ្ឋាភិបាលបានប្រគល់ជូន។
ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងនិរន្តរភាព ក្នុងការអនុវត្តន៍ ជោគជ័យលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ជាពិសេស លើការកំណែទំរង់ស៊ីជម្រៅ បានជម្រុញឲ្យការអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។
ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានធ្វើការកោតសរសើរ ចំពោះអង្គភាពផ្នែកសឹករងមណ្ឌល ក្រោមការចង្អុលបង្ហាញពីលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានឈរជើងការពារបានរឹងមាំតាមបណ្តោយព្រំដែន កម្ពុជា .ថៃ។
លោកជំទាវ អភិបាលខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូម គោរពដល់វីរភាពដ៏អង់អាចក្លាហានរបស់កងទ័ព ដែលបានលះបង់នៅឆ្ងាយពីក្រុមគ្រួសារ ដើម្បីបំពេញភារកិច្ចការពារជាតិ ការពារទឹកដី ជាតិមាតុភូមិ ក្រោមទិសស្លោកថា «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងគ្នាដើម្បីការពារជាតិ»។
នៅក្នុងឱកាសនោះ លោកជំទាវបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនកងទ័ពរួមមាន: មីជាតិចំនួន១០០ ទឹកសុទ្ធចំនួន១០០យួ ត្រីខចំនួន ២០យួរ ត្រីងៀតចំនួន១០គីឡូក្រាម ទឹកស៊ីអ៊ីវចំនួន៥កេស ទឹកត្រី ចំនួន១០កេស ប្រេង ចំណុះ០២លីត្រចំនួន ០៥ ប៊ីដុង ទឹកផ្លែឈើចំនួន១០កេស និងថវិកាចំនួន៥,០០០,០០០រៀលផងដែរ៕