សម្តេចតេជោ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាបនឹងធ្វើឱ្យមានជំនួបបេះដូងរវាងបុរស និងស្ត្រី
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅខេត្តសៀមរាប នឹងក្លាយជាជំនួបបេះដូងរវាងបុរស និងស្ត្រី ដែលអាចនឹងក្លាយជាគូអនាគតស្វាមី និងភរិយា ទៅថ្ងៃក្រោយ។
មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ដែលជាឆ្នាំទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា “ក្រៅពីជំនួបត្រីកោណរវាងមនុស្ស ជាមួយវប្បធម៌អរូបិយ និងវប្បធម៌រូបិយ អម្បាញមិញប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននិយាយហើយនៅមានជំនួបទី៤ទៀត គឺជំនួបរវាងស្ត្រី និងបុរសដែលអាចចាប់ផ្តើម ពីទីនេះហើយក្លាយទៅជាអនាគតភរិយា និងស្វាមី ទៅថ្ងៃក្រោយ…!”។
សម្តេចបន្តថា នៅឆ្នាំ២០២៣នេះ បានបង្កើតនូវស្ថានភាពមិនគ្រាន់តែរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាបនោះទេ ក៏ប៉ុន្តែ សង្ក្រាន្តថ្នាក់ជាតិបានកើតនៅគ្រប់ទីកន្លែងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ និងគ្រឹះស្ថានសិក្សានានា ក្នុងក្របបខ័ណ្ឌទៅទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរ កម្លាំងសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋលេងសប្បាយ នៅក្នុងរយៈពេលក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ៕