សម្តេចតេជោរំពឹងថា យុវជនកម្ពុជា នឹងអាចបំបែកកំណត់ត្រារាំម៉ាឌីហ្សុន ដែលមានចូលរួមច្រើនជាងគេ
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរំពឹងថា យុវជនកម្ពុជា នឹងអាចបំបែកកំណត់ត្រាឯកត្តកម្មពិភពលោក និងកត់ត្រាទុកក្នុងសៀវភៅកំណត់ត្រាពិភពលោក តាមរយៈការរាំចង្វាក់ចង្វាក់ម៉ាឌីហ្សុនរបស់ខ្មែរ ដែលមានចំនួនអ្នករាំច្រើនជាងគេ រហូតដល់៤៩៩៩នាក់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ឱកាសដែល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលជាឆ្នាំទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ។
សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា “ថ្ងៃស្អែកនេះនឹងមានការរាំបំបែកឯកត្តកម្មសម្រាប់ការរាំម៉ាឌីស្សុន ដែលតាមរបាយការណ៍មកថា យើងអាចរាំត្រឹមតែ ៤៩៩៩នាក់តែប៉ុណ្ណោះ បើសិនជារាំបានដល់៥ពាន់នាក់គឺនឹងត្រូវភាគីទី៣ ដើម្បីមកចូលរួម មិនមែនកម្ពុជាជាមួយកំណត់ត្រាឯកត្តកម្មពិភពលោកនោះទេ ចឹងបានជាត្រូវកំណត់យកត្រឹម៤៩៩៩នាក់។ ហើយខ្ញុំរំពឹងថា យុវជនរបស់យើងនឹងអាចធ្វើបានសម្រាប់ថ្ងៃស្អែក”។
សូមជម្រាបផងដែរ ការរាំម៉ាឌីហ្សន នៅព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលធ្វើឡើងដោយយុវជនខ្មែរបានបំបែកឯតទគ្គកម្មពិភពលោកម្តងរួចមកហើយកាលពីឆ្នាំ២០១៥ ដោយមានការចូលរួមរាំពីយុវជន ប្រមាណ ២.០១៥នាក់ នៅមុខទីលានជល់ដំរី ក្នុងបរិវេណប្រាសាទអង្គរធំ ដែលមានមនុស្សរាំច្រើនជាងគេ និងស្រុះគ្នាយ៉ាងស្រស់ស្អាត៕