អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ៤នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ករណីបាញ់ជនរងគ្រោះបណ្តាលឱ្យរបួស នៅក្រុងប៉ោយប៉ែត
ភ្នំពេញ៖ ជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃសុក្រទី១៤ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ស្រាវជ្រាវឃាត់ខ្លួនបាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ករណី ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស(ប្រើប្រាស់អាវុធខ្លី) ដែលបានប្រព្រឹត្តកាលពីវេលាម៉ោឯ០៦និង១០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចរោងចក្រឌីស ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ ជនសង្ស័យទាំង៤នាក់ ១,ឈ្មោះ អឿន លីផេង (ប៉ក់) ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២,ឈ្មោះ ស៊ីន លាភ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៣,ឈ្មោះ ស៊ុន សុខុម (ចិត្រ) ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន មណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៤,ឈ្មោះ ឡុត សារី (រិទ្ធ) ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឈានដល់ការឃាត់ខ្លួនជនទាំង០៤នាក់នេះ ដោយយោងតាមពាក្យបណ្តឹងឈ្មោះ ហ៊ូ ណុច ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះ ឈ្មោះ អេង ស៊ីនឡាយ ភេទប្រុស អាយុ២០ឆ្នាំ និង ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា៖ នៅថ្ងៃកើតហេតុមានជនសង្ស័យចំនួន០៣នាក់ បាននាំគ្នាជិះម៉ូតូ០១គ្រឿងម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ1Y-1198 នាំគ្នាជិះដល់ចំណុចកើតហេតុខាងលើជនស្ស័យឈ្មោះ ស៊ុន សុខុម បានចុះពីលើម៉ូតូទិញបាយ ចំណែកបក្ខពួកបានជិះម៉ូតូបន្ត ពេលជិះហួសរោងចក្រផលិតឌីសប្រហែល២០ម៉ែត្រ បានជួបជាមួយជនរងគ្រោះឈ្មោះ អេង ស៊ីនឡាយ ភេទប្រុស អាយុ២០ឆ្នាំ ហើយក៏កើតមានជម្លោះគ្នាក្នុងពេលបើកបរតាមផ្លូវ ហើយជនរងគ្រោះពុំដឹងរឿង ក៏បើកម៉ូតូតាមផ្លូវធម្មតា បន្ទាប់មកជនសង្ស័យឈ្មោះ អឿន លីផេង និងឈ្មោះ ស៊ុន លាភ បានជិះម៉ូតូតាមជនរងគ្រោះ និងបានប្រើកាំភ្លើងបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួស និងដួលម៉ូតូតែម្តង ក្រោយធ្វើកសកម្មភាព ជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួន។
ក្រោយពីឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ កម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាង កាំភ្លើងខ្លីម៉ាក M1911AI U.S.ARMY ចំនួន០១ដើម គ្រាប់កាំភ្លើង៩mm ចំនួន១៧គ្រាប់,គ្រាប់កាំភ្លើងខ្ជិប ចំនួន៣២គ្រាប់ និងសំបកគ្រាប់ ចំនួន០៤គ្រាប់ ដកហូតពីឈ្មោះ ឡុត សារី ។
នៅចំពោះមុខសមត្ថិច្ចជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្ត ប្រើកាំភ្លើងបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកលើបណ្តឹងខាងភាគីរងគ្រោះនិងចម្លើយសារភាពជនសង្ស័យទាំងនាក់ រួមទាំងមានវត្ថុតាងផងនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត និង បានបញ្ជូនខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងទៅសាលាដំបូងរួចហើយផែរ ។