ឯកឧត្ដម វ៉ា ថន ជួបសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី
ភ្នំពេញ៖ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ)ខេត្តកំពង់ឆ្នាំង។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអនុគណៈកម្មការជ្រើសរើសយោធិនកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានរៀបចំការប្រឡងជ្រើសរើសយោធិនកងរាជអាវុធហត្ថប្រកបដោយតម្លាភាព និងយុត្តិធម៌ នាពេលកន្លងទៅនេះ។
ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏សូមថ្លែងអំណរគុណចំពោះមាតា បិតា អាណាព្យាបាល ដែលបានអនុញ្ញាតឱ្យកូន ឬក្មួយៗមកចូលរួមប្រឡងជ្រើសរើសយោធិនកងរាជអាវុធហត្ថ ដើម្បីចូលបម្រើការងារជាកងយោធពលខេមរភូមិន្ទក្នុងការចូលរួមថែរក្សាសន្តិសុខសណ្ដាប់សាធារណៈសង្គម ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម វ៉ា ថន បានណែនាំ និងផ្ដាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួន ដល់ក្មួយៗ យោធិនកងរាជអាវុធហត្ថ ទើបប្រឡងជាប់ស្ថាពរ ដើម្បីយកទៅអនុវត្តដូចខាងក្រោម៖
១-ត្រូវគោរព និងស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។
២-ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត លក្ខន្តិកៈ បទបញ្ជា បទវិន័យរបស់កងយោធពលខេមរភូមិន្ទ។
៣-ត្រូវខិតខំសិក្សារៀនសូត្រ រក្សាសាមគ្គីភាព គោរពវិន័យ និងបទបញ្ជារបស់សាលាឱ្យបានត្រឹមត្រូវ។
៤-ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បញ្ជា និងការចាត់តាំងរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
៥-ត្រូវខិតខំប្រតិបត្តិតួនាទី ភារកិច្ច និងបេសកកម្មរបស់កងរាជអាវុធហត្ថដែលថ្នាក់ដឹកនាំប្រគល់ជូន នៅពេលបិទបញ្ចប់វគ្គ ចូលបម្រើការងារតាមអង្គភាព។
៦-ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការចូលរួមថែរក្សាសន្តិសុខសណ្ដាប់សាធារណៈ និងការទប់ស្កាត់ពួកប្រឆាំងអគតិ និងពួកជ្រុលនិយមដែលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ៕