ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសលើកទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តត្រីមាសទី២ ឆ្នាំ២០២៣ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង កាលពីរសៀលទី២០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសលើកទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តត្រីមាសទី២ ឆ្នាំ២០២៣ របស់សាខាកាកបាតក្រហមកម្ពុជាខេត្តបាត់ដំបង នៅឯសាលប្រជុំ សាខាកាកបាតក្រហមកម្ពុជា ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុកទាំង១៤ និងក្រុមប្រតិបត្តិសាខាសរុបចំនួន៣០រូប ។
លោក កុសុម សុភីនារ៉ា នាយកសាខា បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម សុខ ផល ប្រធានកិត្តិយសសាខា ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានៅក្នុងត្រីមាសទី១ឆ្នាំ ២០២៣នេះសាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំបងសម្រេចបាន ក្នុងវិស័យស្នូលទាំង៤ ក្នុងនោះរួមមានទី១.ការងារគ្រប់គ្រងគ្រោះមហន្តរាយ ទី ២.ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ទី ៣.ការងារលើកកម្ពស់ គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ និងទី៤ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍ធនធាន និងឈរលើគោលកាណ៍គ្រឹះទាំង៧របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខដោយមិនមានការជួយជ្រោមជ្រែងពីអាជ្ញាធរ និងថ្នាក់ដឹកនាំសាខាខេត្ត អនុសាខាក្រុងស្រុកឡើយ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានសមាជិកសមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក និងក្រុមប្រតិបត្តិ ដោយមានការសហការល្អ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ហើយទទួលបានលទ្ធផលល្អ និងសូមបន្តខិតខំប្រឹងបន្ថែម ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តមានការរីកចម្រើនទៅមុខ និងខិតខំស្វែងរកសប្បុរសជនជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន មន្ត្រីរាជការ ដើម្បីចូលរួមជាវិភាគទានទ្រទ្រង់គាំទ្របេសកកម្មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងជួបនូវបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ និងជួបនូវគ្រោះមហន្តរាយផ្សេងៗទៀត ដែលអាចកើតមានឡើងជាយថាហេតុ។
ឆ្លៀតក្នងឱកាសនោះ ឯកឧត្តមក៏បានថ្លែងនូវអំណរគុណ ចំពោះព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរជនគ្រប់មជ្ឈដ្ឋានដែលកន្លងមកតែងបានជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមខេត្ត ជាថវិកាក្តី ជាសម្ភារៈក្តី ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ និងខ្វះខាតនៅមូលដ្ឋាន។
កិច្ចប្រជុំក៏បានដាក់ទិសដៅបន្ត ជំរុញការងារអភិវឌ្ឍន៍សាខា និងអនុសាខាដែលក្នុងនោះគឺសកម្មភាពការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស និងការងាររដ្ឋបាលនិងហិរញ្ញកិច្ច ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ និងការពិនិត្យតាមដានវាយតម្លៃ របាយការណ៍ របស់អនុសាខា ដោយមានផែនការសកម្មភាពមួយជាក់លាក់ ជាពិសេសក្នុងឱកាសខួបទី១៦០ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម សាខា អនុសាខាក្រុងស្រុក ខិតខំរួមគ្នាគៀងគររកសប្បុរសជន មានព្រះសង្ឃ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរជនគ្រប់មជ្ឈដ្ឋានដើម្បីជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមខេត្ត ជាថវិកាក្តី ជាសម្ភារៈក្តី ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ និងខ្វះខាតនៅមូលដ្ឋានជាបន្តទៀត៕