ប្រកាសបិទផ្សាយជាសាធារណ:ឯកសារលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធលើការកែសម្រួលផ្ទៃដីលំនៅឋានពីតំបន់២ បញ្ចូលមកតំបន់១ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំសំបួរ ស្រុកមង្គលបូរី
បន្ទាយមានជ័យ៖ យោងតាមអនុក្រឹត្យលេខ៥៨អនក្រ.បក ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ស្តីពីការកំណត់តំបន់ទ្រនាប់ នៃដែនព្រៃលិចទឹកតំបន់២ នៃតំបន់ទន្លេសាបស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ត្រូវបានមន្ទីររៀបចំដែនដី នគររូប នីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រៀបចំពិធីប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធលើការកែសម្រួលផ្ទៃដីលំនៅឋានពីតំបន់២ បញ្ចូលមកតំបន់១ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិសំបួរ ភូមិដូនឡឹក ភូមិក្បាលក្របី ភូមិស្រះឈូក ភូមិស្រែព្រៃ ភូមិចែកអង្ករ និងភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក លី សារី អភិបាលរងខេត្ត លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត និងលោក អភិបាលរងស្រុក មន្ទីជំនាញ ពាក់ព័ន្ធ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណវត្តស្រះឈូក។
លោក អាង ណារិទ្ធ បានបញ្ជាក់ថា៖ ការបិទផ្សាយទិន្នន័យក្បាលដីនៅថ្ងៃនេះមានសរុប២,២៤៧ក្បាលដី។ហើយនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមាន៥ដំណាក់កាល៖
១/-ត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាលការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
២/-ប្រតិបត្តិការបច្ចេកទេសគឺជាការចុះកំណត់ព្រំ វាស់វែងនិងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។
៣/-បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដីរយៈពេល ១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ដី នឹងអ្នកដែលពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។
៤/-សម្រេចលើឯកសារវិនិច្ឆ័យរបាយណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មធិការរដ្ឋបាលជូនអភិបាលខេត្តដើម្បីពិនិត្យនិងសម្រេចលើការផ្ដល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់។
៥/-ចុះបញ្ជីចេញប័ណ្ណ និងចែកបានជូនម្ចាស់ដី។
ជាមួយគ្នានោះលោក ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ក៏បានធ្វើការសំណូមពរ ដល់ប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្រមើលការបិទ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានរយពេល១៥ (គិតចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់។ ដេីម្បីមានលទ្ធភាពអោយម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង់ បើកក្នុងករណីផុតរយះពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ដោយបញ្ជាក់ថា៖ ប័ណ្ណកម្មសិទ្ធិគឺមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋដូចជា ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ ជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ធ្វើឲកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត។
ឯកឧត្តម បានធ្វើការអំពាវនាវ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះពេលត្រឡប់ទៅមូលដ្ឋានវិញសូមបន្តធ្វើការផ្សព្វផ្សាយពីពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានដឹង នឹងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលក្រុមការងារចុះបញ្ជីរដីធ្លីមាន មានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរដែលបានអនុវត្តតាមនីតិវិធីអោយបានគ្រប់ៗគ្នា។
បន្ទាប់ពីបញ្ចប់ពិធីប្រកាសបិទផ្សាយរួចមកឯកឧត្តមគណអធិបតីបានធ្វើការប្រគេននិងប្រគល់ ស៊ីម៉ង់ត៍ចំនួន ១២តោន ជូនព្រះចៅអធិការវត្តស្រះឈូក សម្រាប់សាងសង់សាលាឆាន់ផងដែរ៕