ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីដែលជាប់ជាស្ថាពរចំនួន៥៣នាក់ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ
បន្ទាយមានជ័យ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីដែលជាប់ជាស្ថាពរចំនួន៥៣នាក់ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីសំណាក លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៩ និងយោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើរើសថ្មី (ជាប់ជាស្ថាពរ) ព្រមទាំងមាតា-បិតា និងអាណាព្យាបាលផងដែរ។
មានរបាយការស្វាគមន៍លោក ឧត្ដមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ៖ បេក្ខជនមកសុំពាក្យចំនួន២៩៦នាក់ ក្នុងនោះគ្រប់លក្ខខណ្ឌបឋមចែកពាក្យឱ្យ ២១៧ នាក់, មិនគ្រប់លក្ខខណ្ឌ មិនចែកពាក្យ៧៩នាក់។ ចំពោះបេក្ខជនមកដាក់ពាក្យ ចំនួន ១៩៤ នាក់។ បន្ទាប់ពីការពិនិត្យលក្ខណៈសម្បត្តិ និងការប្រឡងតេស្តសមត្ថភាព ដោយក្រុមការងារ របស់អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ កាលពីថ្ងៃ០៦ ខែមីនា ឆ្នាំ២០២៣ អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ បានប្រកាស លទ្ធផលបេក្ខជន ដែលបានចូលរួមប្រឡង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ គឺ ១- បេក្ខជនគ្រប់លក្ខណៈសម្បត្តិ ( ជាប់ជាស្ថាពរ ) ចំនួន ៥៣ នាក់ ២- បេក្ខជនគ្រប់លក្ខណៈសម្បត្តិ ( ជាប់ត្រៀមបម្រុង ) ចំនួន ២៩ នាក់។
តំណាងយោធិននៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ក៏បានធ្វើការប្តេជ្ញាចិត្ត ៖ ១- ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ, ២- ខិតខំរៀនសូត្រ រក្សាការសាមគ្គីភាព គោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យម៉ឺងម៉ាត់បំផុត,៣- គោរពអនុវត្តម៉ឺងម៉ាត់ ច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និង បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ , ៤- គោរពអនុវត្តម៉ឺងម៉ាត់ នូវរាល់បទបញ្ជា និងការចាត់តាំងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ៥- ខិតខំប្រតិបត្តិតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ដែលថ្នាក់ដឹកនាំបានប្រគល់ឱ្យ នៅពេលបញ្ចប់វគ្គ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការអបអរសាទរចំពោះយុវជន ដែលស្ម័គ្រចិត្តចូលបម្រើជាតិមាតុភូមិ ក្នុងស្ថប័នកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណៈ សម្បត្តិ ( ជាប់ជាស្ថាពរ ) ក្នុងការប្រឡងហើយត្រូវបានស្នើសុំបញ្ចូលក្របខ័ណ្ឌកងយោធពលខេមភូមិន្ទ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ នាពេលនេះទាំងអស់ ដែលត្រូវទៅហ្វឹកហ្វឺននៅមជ្ឈមហ្វឹកហ្វឺនកងរាជអាវុធហត្ថ( ភ្នំជំរាយ ) ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់យោធិន នៃកងរាជអាវុធហត្ថទាំងអស់ ដែលត្រូវទៅហ្វឹកហ្វឺន ត្រូវខិតខំរៀនសូត្រ និងបំពេញតួនាទី ភារកិច្ច និងបេសកកម្ម កងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ, បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ជា ដើម្បីចូលរួមបម្រើប្រទេសជាតិ មាតុភូមិនៃយើង ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឧបត្ថម្ភ យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ទាំង៥៣នាក់ ក្នុងម្នាក់ៗទទួលបាន មី២កេស, ត្រីខ ២យួរ , ខោអាវ កីឡា២ឈុត , កន្សែងមួយ រួមនឹងថវិកាចំនួន៣០ម៉ឺនរៀលផងដែរ៕