ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ១ឧសភា
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលនិងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយមានការអញ្ជើញចូលរួមពីសមាគម សហជីព កម្មករ និយោជិត តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបប្រមាណ ៣,៥០០នាក់ នៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ។
ការជួបជុំសំណេះសំណាលនាព្រឹកនេះ គឺជាការស្វែងយល់ពីសុខទុក្ខ សកម្មជនសហជីព សាខាគណបក្សតាមរោងចក្រ សមាគមបុគ្គលិកសិក្សា និងបងប្អូនតំណាងកម្មករទូទាំងប្រទេសផង និងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០២៣ ផងដែរ។
មុននឹងសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសឆ្នាំថ្មីនេះ សូមអោយជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ពិតជាសប្បាយរីករាយដែលបានអញ្ជើញមកជួបសំណេះសំណាល ជាមួយ សហជីពកម្មករ តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ដូចជាការអបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ឧសភា ដែលកម្ពុជាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្ត និងគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្មករកម្មការនី ទៅវិស័យការងារ ៕