ក្រុមការងាររៀបចំពិធីបួងសួងសុំសេចក្ដីសុខ ដើម្បីបន្តរៀបចំលើកក្បាលនាគដាក់នៅលើកំពូលវិមានឯករាជ្យខេត្តបាត់ដំបង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារសាងសង់វិមានឯករាជ្យ បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ ដើម្បីបន្តរៀបចំលើកក្បាលនាគដាក់នៅលើកំពូលវិមានឯករាជ្យខេត្តបាត់ដំបង។
តាមរយៈក្រុមការងារសាងសង់វិមានឯករាជ្យបានលើកឡើងថា វិមានឯករាជ្យខេត្តបាត់ដំបង ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ហើយរហូតមកដល់បច្ចុប្បន្ននេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យសម្រេចបានប្រហែល៨៥%ហើយ ក្នុងនោះក្រុមការងារក៏កំពុងតែធ្វើការពន្លឿនការសាងសង់ទាំងយប់ ទាំងថ្ងៃ ធ្វើយ៉ាងណាឱ្យសម្រេចបាននៅចុងខែមេសា ឬដើមខែឧសភានាពេលដ៏ខ្លីខាងមុខនេះ ដើម្បីសម្រួលដល់ការរៀបចំកសាងផ្លូវជុំវិញវិមានឯករាជ្យបន្តទៀត៕