សម្ដេចក្រឡាហោម ស្នើឲ្យភាគីវៀតណាមបន្តការទទួលបណ្ដុះបណ្ដាលសិក្ខាកាមនគរបាលកម្ពុជានៅឆ្នាំបន្តបន្ទាប់ទៀត
ភ្នំពេញ៖ ក្នុងនាមក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានស្នើឲ្យភាគីវៀតណាមបន្តការទទួលបណ្ដុះបណ្ដាលសិក្ខាកាមនគរបាលកម្ពុជានៅឆ្នាំបន្តបន្ទាប់ទៀត។ ជាការឆ្លើយតប ឧត្ដមសេនីយ៍ត្រី បណ្ឌិត ដ័ន មិញលី នាយកមហាវិទ្យាល័យសន្តិសុខប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាព និងគាំទ្រចំពោះសំណើរសម្ដេចក្រឡាហោម ជាមួយក្ដីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យបណ្ដុះបណ្ដាលនេះបន្ថែមទៀត។
ការស្នើបែបនេះក្នុងឱកាសដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលថ្នាក់ដឹកនាំសាលា និងសិក្ខាកាមនគរបាលកម្ពុជាចំនួន២៤១នាក់ ដែលកំពុងសិក្សានៅតាមសាលាបណ្ដុះបណ្ដាលនគរបាល នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
ក្រោយបញ្ចប់ជំនួបជាមួយថ្នាក់ដឹកនាំសាលានគរបាលវៀតណាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តជួបសំណេះសំណាលជាមួយសិក្ខាកាមនគរបាលកម្ពុជា ដោយក្នុងឱកាសនោះ ជាថ្មីម្ដងទៀតសម្ដេចបានថ្លែងអំណរគុណដល់ក្រសួងនគរបាល និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ដល់កិច្ចសហការល្អជាមួយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ៕